ម​នុស្សគ្រប់រូបត្រូវរស់នៅដោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងស្ថានីយ៍ទូរទស្សន៍ Rossiya-1 នៅក្នុងកម្មវិធី«មូស្គូ ក្រឹមឡាំង​ ពូទីន» ថា មនុស្សគ្រប់គ្នា រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ផងដែរនឹងត្រូវរស់​នៅដោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគកូរ៉ូណាវីរុសសម្រាប់ពេលបច្ចុប្បន្ននេះ។

នៅពេលត្រូវបានសួរថា តើថ្នាក់ដឹកនាំប្រទេសនឹងបន្តធ្វើការពីចម្ងាយរហូតដល់ពេលណា? លោកបាននិយាយ​ថា «ច្បាស់ ណាស់! វាមិនអាចទៅរួចទេក្នុងការដកចេញនូវការប្រុងប្រយ័ត្នសូម្បីតែមួយយប់។ យើងទាំងអស់គ្នា ជាពិសេស​ប្រធានាធិបតី នឹងត្រូវរស់​នៅជាមួយការប្រុងប្រយ័ត្នទាំងនេះឱ្យបានយូរជាងនេះបន្តិចទៀត»។

លោក Peskov បានចង្អុលបង្ហាញថា រាល់កិច្ចខិតខំប្រឹងប្រែងដែលអាចធ្វើទៅបានកំពុងត្រូវបានធ្វើឡើងដើម្បីការពារសុខភាព​របស់ប្រធានាធិបតី។ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយបន្ថែមថា «យើងទាំងអស់គ្នាយល់ហើយថា វាគឺជាហានិភ័យខ្ពស់សម្រាប់​សុខភាពចំពោះមនុស្សគ្រប់គ្នា ដោយមិនគិតពីមុខតំណែងរបស់ពួកគេឡើយ»។ កត្តានេះហើយដែលលោកប្រធានាធិបតីត្រូវធ្វើការពី​ចម្ងាយ ពីលំនៅដ្ឋាន Novo-Ogaryovo របស់លោក៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)