ប្រទេសម៉ាឡេស៊ីរៀបចំធ្វើតេស្តរកមេរោគ SARS-COV-2 សម្រាប់ជនទេសន្តរប្រវេសន៍ខុសច្បាប់

AKP ភ្នំពេញ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ — លោក Noor Hisham Abdullah មន្រ្តីសុខាភិបាលជាន់ខ្ពស់បាននិយាយថា ប្រទេសម៉ាឡេស៊ី​នឹងរៀបចំធ្វើតេស្តរកមេរោគ SARS-CoV-2 សម្រាប់ជនទេសន្តរប្រវេសន៍ដែលគ្មានឯកសារ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកបាននិយាយបន្ថែមថា វិស័យសុខាភិបាលក្នុងតំបន់ គឺមានការទទួលខុសត្រូវក្នុងការធានាដល់ជនទេសន្តរប្រវេសន៍ទាំង​នេះ មិនថា ពួកគេស្ថិតនៅក្នុងទីណាទេ គឺគ្មានការឆ្លងឡើយ។

យោងតាមមន្ត្រីនគរបាលម៉ាឡេស៊ីបានឱ្យដឹងថា ជនទេសន្តរប្រវេសន៍ជាង ៧០០នាក់ត្រូវបានគេចាប់យកទៅឃុំឃាំង រួមទាំង​កុមារ និងជនភៀសខ្លួន Rohingya មកពីប្រទេសមីយ៉ាន់ម៉ាផងដែរ។

រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦.០៧១ករណី ដោយក្នុងនោះមានអ្នក​ស្លាប់ជាង ១០០ករណី។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសកាលពីដើមខែឧសភាថា ប្រទេសនេះនឹងអនុញ្ញាតឱ្យ​សហគ្រាសភាគច្រើនបន្តប្រតិបត្តិការឡើងវិញចាប់ពីថ្ងៃទី ៤ ខែឧសភា និងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកខ្លះដើម្បីទប់ស្កាត់ការរីករាលដាល​នៃមេរោគឆ្លងវីរុស SARS-CoV-2 ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមិនទាន់បានបើកទ្វារព្រំដែនរបស់ខ្លួនឡើងវិញនៅឡើយទេ។ ការធ្វើដំណើរអន្តររដ្ឋក៏នឹងត្រូវ​ហាមឃាត់ដែរ។

នាយករដ្ឋមន្រ្តីបានតម្រូវឱ្យប្រជាជនទាំងអស់បន្តពាក់ម៉ាស់បិទមុខ អនុវត្តន៍ការឃ្លាតឆ្ងាយពីសង្គម និងរក្សាអនាម័យផ្ទាល់ខ្លួន​ឱ្យបាន​ខ្ពស់។

លោកក៏បានជម្រាបផងដែរថា រដ្ឋាភិបាលបានខាតបង់ទឹកប្រាក់ចំនួន ៦៣ប៊ីលានរីងហ្គីដ (១៤,៦ប៊ីលានដុល្លារអាម៉េរិក) ដោយសារការរឹតត្បិតការធ្វើបម្លាស់ទី នឹងការធ្វើដំណើរក្នុងរយៈពេល ៦សប្តាហ៍កន្លងមកនេះ ហើយវានឹងមានការខាតបង់បន្ថែមទៀតចំនួន ៣៥ប៊ីលានរីងហ្គីត ប្រសិនបើការរឹតបន្តឹងនេះត្រូវបានពន្យារពេលមួយខែទៀត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)