ក្រសួងសាធារណការ៖ បណ្ណបើកបរជាង១០ម៉ឺនសន្លឹក ត្រូវបានប្តូរ ពន្យារ និងប្រឡង នៅមណ្ឌលផ្តល់បណ្ណបើកបរ ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បណ្ណបើកបរសរុប១១៨.៦៣៤បណ្ណ ត្រូវបានប្តូរ ពន្យារ និងប្រឡងនៅមណ្ឌលផ្តល់បណ្ណបើកបរ ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ចាប់ពីថ្ងៃដំណើរការមណ្ឌលទាំងពីរ រហូតដល់ចុងខែមេសា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មណ្ឌលទាំងពីរនះ ដើរតួនាទីយ៉ាងសំខាន់ក្នងការបង្ខិតសេវាជិតប្រជាពលរដ្ឋ ជាមួយតម្លាភាព ចំណេញពេលវេលា និងលុបបំបាត់ចំណាយក្រៅផ្លូវការ។ ជាក់ស្តែង បើគិតតែចាប់ពីថ្ងៃ១ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរយានយន្តទាំងពីរនេះ បានប្តូរ ពន្យារ និងប្រឡង សរុបចំនួន៤.៣៩០បណ្ណ។
មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានបើកសម្ពោធផ្លូវការនាថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៦ ដោយធ្វើការរៀងរាល់ថ្ងៃ
ពីចន្ទដល់អាទិត្យ ចាប់ពីម៉ោង០៩:០០ព្រឹក – ០៨:០០យប់ និង មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន២ បាន បើកសម្ពោធផ្លូវការនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដោយធ្វើការរៀងរាល់ថ្ងៃ ពីចន្ទដល់អាទិត្យ ចាប់ពីម៉ោង ០៩:០០ព្រឹក – ១០:០០យប់។
សម្រាប់ប្រជាពលរដ្ឋមានបំណងប្តូរ និងពន្យារបណ្ណបើកបរ ត្រូវមានឯកសារដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់) , រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់) និងពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។
ដោយឡែក ការប្រឡងយកបណ្ណបើកបរ ត្រូវមានឯកសារដូចរៀបរាប់ខាងលេី និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបេីកបរសម្រាប់បណ្ណប្រភេទ គ ឃ និង ង ៕