សត្វទោចមកុដ និងសត្វភេ ដែលបានដោះលែងនៅព្រៃឧទ្យានអង្គរកើតបានកូន៣បន្ថែម

វិទ្យុជាតិកម្ពុុជាា៖លោកចេមហួត

ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរបានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន១០ក្បាល សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៥ក្បាល ដែលមកដល់ពេលនេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដោយឡែកសត្វទោចមកុដចំនួន៣គ្រួសារ ដែលក្នុងនោះនៅក្បែរប្រាសាទតានៃមានចំនួន៥ក្បាល ទើបតែកើតបានកូនមួយបន្ថែម ដែលមានអាយុប្រហែល៤សប្តាហ៍ហើយ។ ក្រៅពីនោះ សត្វទោចមកុដផ្សេងទៀតដែលបានដោះលែងនាពេលកន្លងមក គឺនៅខ្លោងទ្វារខ្មោចមានចំនួន៤ក្បាល និងនៅខ្លោងទ្វារតាកាវមានចំនួន២ក្បាល កំពុងផ្សាំក្នុងទ្រុង ហើយគ្រោងនឹងដោះលែងនៅរដូវវស្សាខាងមុខនេះ។ សរុបនៅឧទ្យានអង្គរ សត្វទោចមកុដទាំងអស់មានចំនួន១១ក្បាល។ ក្នុងពេលឆាប់ៗខាងមុខនេះក្រុមការងារគ្រោងនឹងយក២ក្បាលបន្ថែមទៀតដាក់នៅក្បែរបឹងសន្ធមារ(ខាងជើងឈៀងខាងលិចក្នុងបរិវេណតំបន់អង្គរធំ) ក្រោយពីសង់ទ្រុងដែកសម្រាប់ផ្សាំរួចរាល់។

ចំពោះសត្វភេខ្លួនរលោង ដែលគម្រោងបានដោះលែងចំនួន៥ក្បាលកន្លងមក ពេលនេះកើតបានកូនចំនួន២បន្ថែម ដែលកូនភេទាំង២នោះមានអាយុប្រហែល៣ខែហើយ។

ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់អង្គរ ត្រូវចូលរួមថែរក្សាសត្វទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕