រយះពេល៤ខែដេីមឆ្នាំ កម្ពុជានាំអង្ករទៅក្រៅប្រទេសជាង៣០ម៉ឺនតោន និងកសិផលផ្សេងៗជាង២លានតោន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 02,05,2020៖

ក្នុងរយះពេល៤ខែ ដើម២០២០នេះ កម្ពុជាបាននាំអង្ករទៅក្រៅប្រទេសចំនួនជាង៣០ម៉ឺនតោន និងកសិផលផ្សេងៗជាង២លានតោន ស្មើនឹងជាង ៤៨ ភាគរយ នៃការនាំចេញសរុបកាលពីឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា
ការនាំអង្ករចេញ៤ខែដើមឆ្នាំ២០២០នេះ មានចំនួន៣០០,២៥២តោន គឺមានកំណើន៤១ភាគរយ បើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលការនាំចេញមានចំនួនត្រឹម ២១៣- ៧៦៣តោន តែប៉ុណ្ណោះ នេះជាកំណើនមួយដែលគួរឲ្យកត់សម្គាល់របស់កម្ពុជា ដែលបានសម្រេចការនាំចេញ មានតួលេខខ្ពស់ក្នុងរយៈពេល៤ខែ នៃការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ របាយកាណ៍ បានបញ្ជាក់ទៀតថា ការនាំចេញអង្ករកម្ពុជាក្នុង រយៈពេល៤ខែកន្លងមកនេះ មានជាង៣៩ភាគរយ គឺបាននាំចេញទៅកាន់ប្រទេសអឺរ៉ុប ជាង៣០ភាគរយ ទៅប្រទេសចិន នឹងជាង១៣ភាគរយទៅបណ្ដាប្រទេសនៅក្នុងរដ្ឋសមាជិកអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ីនិងព្រុយណេ ហើយ ១៨ភាគរយ ទៅកាន់តំបន់ផ្សេងៗ ដែលក្នុងនោះប្រទេសអូស្ត្រាលី ញូហ្សេឡែន មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងម៉ត់ចត់ចំពោះសន្តិសុខស្បៀង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អាកការនាំចេញអង្ករសមួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញអង្ករក្រអូបរបស់កម្ពុជា បានសម្រេចជិត៧ម៉ឺនតោន ដែលផ្ដល់នូវតម្លៃមួយយ៉ាងខ្ពស់សម្រាប់អាជីវករ និងអ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។
ដោយឡែកការនាំចេញកសិផលសរុបក្នុងរយៈពេល៤ខែនេះ ដោយមានបរិមាណនាំចេញប្រមាណ២លាន៧ពាន់តោន ក្នុងនោះដែរ រួមមានចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេក ផ្លែស្វាយ ដំណាប់ស្វាយ ម្រេចនិងបន្លែស្រសស់ជាដើម ។
គូរបញ្ជាក់ថា បើទោះបីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និងលើពិភពលោកបានគំរាមកំហែងដល់ការនាំចេញក្ដី តែការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅតែទទួលបានផលជាវិជ្ជមាន ជាក់ស្ដែងក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានប្រមាណ៣០ម៉ឺន២៥៧តោន ក្នុងនោះចិននៅតែជាទីផ្សារនាំមុខសម្រាប់អង្ករកម្ពុជា ៕