ឯកឧត្តម វេង សាខុន ចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន ហេង ហេង

វិទ្យុជាតិកម្ពុជា​៖​

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន ហេង ហេង ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសេចក្តីរាយការណ៍ របស់លោក សេង ចាយ ប្រធានគ្រប់គ្រងបច្ចេកទេសសិដ្ឋានចិញ្ចឹមបង្គាបានឲ្យដឹងថា បច្ចុប្បន្នក្នុងកសិដ្ឋានមានផ្ទៃដី១០០ហិកតា បែងចែកជា ស្រះចិញ្ចឹម២០ស្រះ បច្ចុប្បន្នដាក់កូនបង្គា១០លានកូន ហើយចាប់ផ្តើមប្រមូលផលជាបណ្តើរៗ ចាប់ពីអាយុ ៤៥ថ្ងៃ ដំណាក់កាលដំបូងសម្រាប់ធ្វើបង្គាក្រៀម ឬបរិភោគស្រស់។ ដំណាក់កាលទី២ អាយុបាន៣ខែ អាចប្រមូលផលបាន ៣តោនក្នុងមួយហិកតា ហើយក្នុង ១ឆ្នាំចាប់បាន ៣ដង ក្នុង១ហិកតា ដាក់កូនបង្គា ៥ម៉ឺនក្បាល ។ ចំពោះកម្រៃក្នុង១ឆ្នាំអាចរកប្រាក់ចំណេញបាន ១ម៉ឺនដុល្លារ ដោយបង្គាធម្មជាតិមានតម្លៃពី ៥ ទៅ ៧ដុល្លារក្នុងមួយគីឡូក្រាម ។ បង្គាធម្មជាតិនេះ ទីផ្សារកំពុងពេញនិយមណាស់ ជាពិសេសតាមភោជនីយដ្ឋានធំៗនៅខេត្តព្រះសីហនុ និងនៅភ្នំពេញ។ លោកបានបញ្ជាក់ថា ដែលពីមុនកសិករដែលធ្លាប់តែធ្វើស្រែ ទទួលផលតាមយថាកម្ម បច្ចុប្បន្នបានងាកមក ចិញ្ចឹមបង្គាតាមបែបធម្មជាតិវិញ ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន។
ឯកឧត្ដម វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគលើវិស័យ វារីវប្បកម្ម ជាអនុវិស័យដ៏សំខាន់មួយដែលរដ្ឋបាលជលផល បាននិងកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាចលករក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ ដើម្បីបង្កើនផលចាប់ ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូលផលិតផលបង្គាពីប្រទេសជិតខាង៕