បុណ្យពិសាខបូជាឆ្នាំនេះនៅតែធ្វើធម្មតា ប៉ុន្តែមិនមានការជួបជុំទ្រុងទ្រាយធំឡើយ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ វ៉ែន សុវុទ្ធី

MC:ក្រសួងធម្មការបានអះអាងថាបុណ្យពិសាខបូជាឆ្នាំនេះនៅតែធ្វើធម្មតា ប៉ុន្តែមិនមានការជួបជុំទ្រុងទ្រាយធំឡើយ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវិដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សហគមន៍ពុទ្ធសាសនា ថ្ងៃទី៣០ ខែមេសា ឆ្នាំ2020នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឲ្យដឹងថានៅថ្ងៃ១៥កើតខាងមុខនេះដែលជាថ្ងៃបុណ្យពិសាខបូជា ក្រសួងធម្មការនិងសាសនាបានទទួលព័ត៌មានពីគណៈកម្មាធិិកាជាតិរៀបចំំបុណ្យជាតិិអន្តរជាតិហើយថា មិនឲ្យមានរៀបចំពិធីជួបជុំធំនៅទីតាំងរួមរបស់ជាតិនោះទេ។
ឯកឧត្តមបន្តថា ក្រសួងបានណែនាំនិងតម្រូវឲ្យនៅតាមវត្តអារាមទូទាំងប្រទេសធ្វើពិធីបុណ្យពិសាខបូជាជាធម្មតាដដែល តែមិនឲ្យមានការជួបជុំគ្នាច្រើន ហើយត្រូវរក្សាគម្លាតគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។ ឯកឧត្តមបានបន្តថា មកទល់ពេលនេះព្រះសង្ឃនៅទូទាំងប្រទេសមានការយល់ដឹង និងបានចូលរួមអនុវត្តនូវវិធានការអនាម័យតាមក្រសួងសុខាភិបាល បានយ៉ាងល្អ ជាពិសេសគោរពបានយ៉ាងត្រឹមត្រូវនូវការណែនាំរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
(សំឡេង)៖នៅតាមវត្តអារាមក៏មានពិធីសក្ការៈបូជាទទួលថ្វាយទៅតាមពិធីព្រះពុទ្ធសាសនាយ៉ាងណានៅតែអនុវត្តន៍នៅខ្ជាប់ខ្ជូននូវគោលការណ៍របស់រាជរដ្ឋាភិបាលដ៏ដែរដូចបុណ្យចូលឆ្នាំចឹងដ៏ដែរគឺថាយើងជួបជុំគ្នាតិចរៀបចំសក្ការៈបូជានមាសេការយ៉ាងមិចឲ្យមានគ្នាតិចនៅតាមវត្តតាមផ្ទះរៀងខ្លួនចឹងនេះជាយន្តការធ្វើបន្តតាមលក្ខណៈនេះថាគណៈសង្ឃក៏ដូចជាក្រសួងនៅតែបន្តគោរពយ៉ាងយកចិត្តទុកដាក់នៅគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលបានល្អ។
ឯកឧត្តមបានបន្ថែមថា ជាយន្តការបន្តនៅតាមទីវត្តអារាមទូទាំងប្រទេសបានទទួលបានសារាចរណ៍ណែនាំពីគណៈសង្ឃក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គ្រប់វត្តអារាមទាំងអស់មានការប្រុងប្រយ័ត្នដោយមិនឲ្យព្រះសង្ឃចេញទៅបិណ្ឌបាត សូត្រមន្តនៅតាមផ្ទះដោយមនុស្សច្រើន និងមិនឲ្យមានការជួបជុំតាមបែបសាសនានៅក្នុងវត្តអារាមជាដើម ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវិដ-១៩ពីពុទ្ធបរិស័ទទៅព្រះសង្ឃ។
គួរជម្រាប់ថា មកទល់ពេលនេះវត្តអារាមនៅទូទាំងប្រទេសកម្ពុជា មានចំនួន៥០២៤ វត្ត និងមានព្រះសង្ឃចំនួនជាង៧ម៉ឺនអង្គ៕