ក្រុមហ៊ុន China Railway Urban Construction Group ទទួលបានភាពជោគជ័យក្នុងការបង្កើន​វឌ្ឍនភាពនៃសំណង់គម្រោង THE PEAK

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ — បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្ម និងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណា​ក៏​ដោយក្នុងអំឡុងពេលមានវិបត្ដិកូវីដ-១៩នេះ ក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយជោគជ័យ​នឹងបញ្ហានេះតាមរយៈការនាំ​មកនូវ​ធន​ធានចាំបាច់នានាដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់សម្រាប់គម្រោង The Peak ដោយ​បង្កើននូវសកម្មភាពធ្វើការទាំងថ្ងៃ ទាំងយប់ជាមួយនឹងកម្លាំងពលកម្មបន្ថែម។

លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន CRUCG ប្រចាំ​នៅ​កម្ពុជា​បានគូស​បញ្ជាក់ថា “យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនឹង​ឱកាស​ក្នុងការគ្រប់គ្រងគម្រោងដ៏អស្ចារ្យនេះ”។ លោកបានបន្ដថា ការគាំទ្រ និងការណែនាំជា​បន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនា ឆ្នាំ ២០២០។

ជាមួយគ្នានេះ ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរយ៉ាង​ជ្រាលជ្រៅដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ពួកគេ​ក្នុងការផ្តោតលើការងារគម្រោង ហើយ​ក្រុមហ៊ុន CRUCG បានអនុវត្តន៍វិធានការ​សុវត្ថិភាពយ៉ាង​ហ្មត់ចត់ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក Ching Chiat Kwong អគ្គនាយកនិងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited បានសម្តែងនូវការកោតសរសើរចំពោះដៃគូ​កម្ពុជារបស់ខ្លួនផងដែរគឺក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។ លោកបានបន្ថែមថា “យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Worldbridgeland ខណៈ​ដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេ ដើម្បីទទួលបានលទ្ធផលល្អសម្រាប់​គម្រោង​របស់យើងនៅក្នុងប្រទេសកម្ពុជា”។

អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា “វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អ ប៉ុន្តែ​ពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាសដែលកំពុងប្រឈមនាពេល​បច្ចុប្បន្ន​នេះ”។ លោកឧកញ៉ាបានបន្ដថា ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំង ​​និងមានបទពិសោធន៍​ដូចជា​ដៃគូរបស់យើងគឺ​ក្រុម​ហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាពបានយ៉ាង​ឆាប់រហ័ស​ដើម្បីធ្វើការឆ្ពោះ​ទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ៕

ដោយ រិទ្ធី