ក្រុមហ៊ុនកូកា-កូឡា ចេញបញ្ចាំងខ្សែភាពយន្ដតាមអនឡាញមានចំណងជើងថា ដើម្បីមនុស្ស​ជាតិ ក្នុងន័យគោរព​ចំពោះ​ការរួបរួមគ្នា​ និងស្មារតីមនុស្សជាតិក្នុងពេលជួបវិបត្តិកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ — ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ  ក្រុមហ៊ុន កូកា-កូឡានៅថ្ងៃនេះ  បានចេញបញ្ចាំងនូវ​ខ្សែភាពយន្តខ្លីមួយ ដែលមានចំណងជើងថា “ដើម្បីមនុស្សជាតិ” ដើម្បីបង្ហាញពីក្តី​គោរព​ចំពោះទឹកចិត្តមនុស្សធម៌  និងស្មារតីមនុស្សជាតិ​នៅ​​ក្នុង​គ្រាលំបាកនេះ ខណៈពិភពលោក​កំពុង​ជួបនូវវិបត្ដិកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមកូកា-កូឡា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ខ្សែភាពយន្ដតាមអនឡាញមានរយៈពេលត្រឹមតែ ១ នាទីនេះ ក្រោមចំណងជើងថា «ដើម្បីមនុស្សជាតិ»  បានឆ្លុះបញ្ចាំងនូវស្មារតីមនុស្សធម៌  និង​ក្តីសប្បុរសរបស់មនុស្សជាតិនៅទូទាំងពិភពលោកក្នុងពេលមានវិបត្តិកូវីដ-១៩ នាពេល​បច្ចុប្បន្ន  ព្រមទាំងបានផ្តល់ឱ្យពិភពលោកទាំងមូលនូវក្តីសង្ឃឹម  ភាពវិជ្ជមាន  និងការរួមគ្នា។

លោក Manuel Arroyo នាយកប្រតិបត្តិជាន់ខ្ពស់ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍ថ្លែងអំណរគុណ និងសូមគោរពចំពោះអ្នកដែល​បន្តរក្សាសុវត្ថិភាព​ដល់យើងទាំងអស់ឱ្យឆ្លងកាត់គ្រាវិបត្តិនេះ ជាពិសេសអរគុណចំពោះក្រុម​ជួរមុខ។ លោកបាន​បញ្ជាក់ថា “រាល់ថ្ងៃ យើងត្រូវបានបំផុសស្មារតី និងលើកកម្ពស់ដោយអំពើថ្លាថ្លៃមិនអាច​កាត់ថ្លៃចំពោះចិត្តសប្បុរស និងភាពក្លាហានរាប់មិនអស់របស់មនុស្សជុំវិញពិភពលោក”។

លោកបានបន្ថែមថា តាមរយៈខ្សែភាពយន្តជាសកលដ៏ខ្លីមួយនេះ​ ចង់បង្ហាញនូវការ​ទទួលស្គាល់ និងការគោរពចំពោះភាពវិជ្ជមាន  ការរួបរួម  និងទឹកចិត្តសប្បុរសធម៌របស់​មនុស្ស​ជាតិ។

សូមបញ្ជាក់ថា ខ្សែភាពយន្ត «ដើម្បីមនុស្សជាតិ ឬ For The Humance Race»​  ត្រូវបាន​ចាក់​បញ្ចាំងផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ នៅលើគេហទំព័រ និងបណ្តាញផ្សព្វ​ផ្សាយ​សង្គមរបស់ក្រុមហ៊ុនកូកា-កូឡា៕ដោយ រិទ្ធី