ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទូទាំងប្រទេស កើនរហូតដល់ជាង១ម៉ឺនគ្រឿង​ ខណៈដែលសមត្ថកិច្ចប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៏

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

 ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតចាប់ពីថ្ងៃ២៣ ដល់ ២៩ ខែមេសា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទូទាំងប្រទេស មានសរុបចំនួន ១២.៧៥៧ គ្រឿង។ ក្នុងនោះ ចំនួននៃការមកទទួលសេវា មានការកើនឡើងខ្ពស់រហូតដល់ .១១៦ គ្រឿង ក្នុងមួយថ្ងៃ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

     ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ដោយមានការកើនឡើងយ៉ាងគំហុគនៃសេវាសាធារណៈនេះ ក្រសួងបានបន្តបើកដំណើរការធម្មតា នាថ្ងៃទី០១  ខែឧសភា  ឆ្នាំ២០២០  នៅគ្រប់មណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តទាំងអស់ដំណេីរការធម្មតា ជាពិសេសធ្វើការជារៀងរាល់ថ្ងៃ(ច័ន្ទអាទិត្យ) ពីម៉ោង ០៨:០០ព្រឹក០៥:០០ល្ងាច ដេីម្បីសម្រួលនឹងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ។

      ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា

ឯកសារតម្រូវចំពោះរថយន្តដែលមានផ្លាកលេខហើយ

គឺត្រូវមានបណ្ណសម្គាល់យានយន្ត(ថតចម្លង),

វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់(ករណីបន្ត) ដោយឡែក សម្រាប់ឯកសារតម្រូវចំពោះរថយន្តដែលមិនទាន់មានផ្លាកលេខ

គឺត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង)និងបង្កាន់ដៃពន្ធនាំចូល (ថតចម្លង)

      សូមបញ្ជាក់ថា ការសម្រុកចូលទៅសុំវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ ក្រោយពីហួសសុពលភាព ឬយានយន្តមិនមានឆៀកពីមុននេះ ដើម្បីចៀសផុតពីការផាកពិន័យតាមផ្លូវច្បាប់ ក្នុងអំឡុងពេលនគរបាលចរាចរណ៍ផ្លូវគោកចាប់អនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ជាកំហិត។

     ទោះជាយ៉ាងនេះក្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំនិងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕