អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ថា​ ម៉ោង៨ព្រឹកថ្ងៃ​ទី​០១ឧសភានេះ​ ស្ពានអាកាស ក្បាលថ្នល់តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមនឹងដាក់អោយដំណេីរការជាផ្លូវការ

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ ចន​ ណារិទ្ធ​


​ រាជធានីភ្នំពេញ​៖​ ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរការចាប់ពីម៉ោង៨ព្រឹក​ថ្ងៃ​ទី០១ខែឧសភា​នេះតទៅ​ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងកាត់បន្ថយការកកស្ទះចរាចរណ៍ របស់​ប្រជាពលរដ្ឋ​ ។
​ លោក​ម៉េត​ មាស​ ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានអោយដឹងថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ដែលតភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម បានស្ថាបនារួចរាល់​ និង​បេីកអោយដំណេីរការចាប់ពីម៉ោង៨​ព្រឹកថ្ងៃ​ទី​០១ខែ​ឧសភា​​ឆ្នាំ​២០២០នេះតទៅ​ ។​ លោក​បន្តថា ការស្ថាបនាស្ពានអាកាសថ្មីបន្ថែមទៀតនេះ​ ដោយសារបច្ចុប្បន្ន​ រាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះតែម្តង​ ដែល​រដ្ឋបាលរាជធានីភ្នំពេញ​ បានខិតខំរិះរកមធ្យោបាយសាងសង់ស្ពានថ្មីបន្ថែម​ និងដាក់អោយ​ដំណេីរការ​ក្នុង​ពេល​នេះ​ អោយ​ការធ្វេី​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​កាន់តែប្រសេីរឡេីង។
​ លោក​ ម៉េត​ មាស​ភក្តី​ បានបញ្ជាក់​ថា មកដល់ពេលនេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងគឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ។
​ ចំណែក​លោក​ សាំ​ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ ធ្លាប់បានបញ្ជាក់ថា គម្រោងនេះ ស្ថាបនាដោយក្រុមហ៊ុន OCIC កោះពេជ្រ ស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រ មានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។