ស្នងការនគរបាលខេត្តក្រចេះ បើកកិច្ចប្រជុំពង្រឹងការចាប់ផ្ដើមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

AKP ក្រចេះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំ ពង្រឹងការចាប់ផ្ដើមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ 

លោកឧត្ដមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងទទួលផែនចរាចរណ៍បានឱ្យដឹងថា សម្រាប់ខេត្តក្រចេះនៅថ្ងៃទី០១ ខែឧសភា នេះ យើងនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន ១២គោល ដៅនៅលើផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ ហើយពេលយប់មាន ៣គោលដៅក្នុងការ ត្រួតពិនិត្យគឺនៅក្នុងក្រុងក្រចេះ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ ដែលមានកម្លាំងចម្រុះ សរុប១១៩នាក់។

លោកឧត្តមសេនីយទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកដែលនឹងអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភានោះ តម្រូវ ឱ្យកងកម្លាំងនគរបាលមានសិទ្ធិផាកពិន័យ លើអ្នកបើកបរយានយន្តផ្ទុយនឹងច្បាប់ចរាចរណ៍ តាមតម្លៃកំណត់ក្នុងផ្លូវច្បាប់ ដូចជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព តម្រូវឱ្យពិន័យជាប្រាក់ ចំនួន៦ម៉ឺនរៀល  អ្នកបើកបរប្រើប្រាស់ទូរស័ព្ទដោយគ្មានឧបករណ៍ជំនួយសំឡេងត្រូវពិន័យ ជាប្រាក់ចំនួន៨ម៉ឺនរៀល  អ្នកជិះម៉ូតូបង្ហោះឬជ្រែតាមផ្លូវបែបទំនើងរំខានគ្មានសណ្ដាប់ធ្នាប់ ត្រូវពិន័យជាប្រាក់ចំនួន១០ម៉ឺនរៀល ហើយក្នុងករណីមានការតដៃជាមួយសមត្ថកិច្ចដោយ ហិង្សា ឬការបង្កហេតុធ្ងន់ធ្ងរ អ្នកពាក់ព័ន្ធនឹងត្រូវចាប់ខ្លួនបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

ដោយ ជួន សុជាតិ