ប្រទេសអង់គ្លេសប្រហែលមិនអាចធ្វើតេស្តរកវីរុស COVID-19 តាមទិសដៅគ្រោងទុក

វិទ្យុជាតិកម្ពុជា: លោក ឈុន លាង
លោក Robert Buckland រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសអង់គ្លេសបានអះអាងថា ប្រទេសអង់គ្លេសអាចខកខានគោលដៅរបស់ខ្លួនក្នុងការធ្វើតេស្ត៍រកមេរោគឆ្លង COVID-19 អោយបាន ១០០,០០០ នាក់ក្នុងមួយថ្ងៃនៅចុងខែមេសានេះ។នេះបើតាមការដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ២០២០។បើតាមលោករដ្ឋមន្ត្រីបានបញ្ជាក់ថា តួលេខចុងក្រោយកាលពីថ្ងៃពុធ អាជ្ញាធរសុខាភិបាល អាចធ្វើតេស្តរកវីរុស COVID-19 បានតែ ៥២,៤២៩ករណីតែប៉ុណ្ណោះ ដែលហាក់នៅឆ្ងាយពីទិសដៅដែលបានកំណត់ដោយលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល។ប៉ុន្តែលោក Robert Buckland នៅតែមានសុទិដ្ឋិនិយមចំពោះរឿងនេះ ទោះបីជាលទ្ធផលមិនដូចការគ្រោងទុកក៏ដោយ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសអង់គ្លេសមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ១៦៥,២២១នាក់ និង ស្លាប់ចំនួន ២៦,០៩៧នាក់៕
ប្រភព៖ភ្នាក់ងារសារព័ត៌មាន Reuters