ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩

AKP តាកែវ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ​​៨កើត ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្ត មានបើកកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងការ រីករាលដាលជំងឺកូវីដ-១៩ខេត្តតាកែវ។ កិច្ចប្រុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ូច ភា  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងការរីក រាលដាលជំងឺកូវីដ-១៩ខេត្តតាកែវ  និងមានការចូលរួមផងដែរពីលោក លោកស្រីជាអភិបាល រងខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាល អភិបាលរងក្រុង ស្រុកទាំង១០ ព្រមទាំង មន្ទីរអង្គភាពជុំវិញខេត្ត។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ជាពិសេស ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ក្រុង ស្រុក ទាំង១០នៅក្នុង ខេត្ត តាកែវ ត្រូវធ្វើការតាមដានឱ្យបានជាប់ជាប្រចាំ នៅកន្លែងក្លិបកមន្សាន្ត ហាងខារ៉ាអូខេ ដែល ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលបានប្រកាសឱ្យផ្អាកបណ្តោះអាសន្នកន្លងមក។ បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើងហាក់មានការ ធូរស្រាលជាលំដាប់។ តែស្ថានភាពនេះអាចធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន ហាក់មានការព្រងើយកន្តើយ ឬខ្វះការប្រុងប្រយ័ត្នពីជំងឺកូវីដ១៩នេះ ដែលវាអាចនឹងឱ្យ ជំងឺនេះឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើពួកគាត់ធ្វេស ប្រហែស ហើយអាជ្ញាធរពាក់ព័ន្ធមិនបានយកចិត្តទុកដាក់ពីបញ្ហានេះ។

ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា អាជ្ញាធរក្រុង ស្រុក គួរយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិល ត្រឡប់មកពីក្រៅប្រទេសវិញ ពិវិធីបង្ការ ការពារជំងឺកូវីដ១៩ ហើយត្រូវចុះអប់រំណែនាំពួកគាត់ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីចៀសវាងការឆ្លងរីករាលដាល នៅក្នុងសហគមន៍របស់ពួកគាត់ បើបងប្អូនពលករទាំងនោះមានបញ្ហា សុខភាពត្រូវរាយការណ៍ជាបន្ទាន់មកក្រុមគ្រូពេទ្យ ដើម្បីយកសំណាកពួកគាត់ទៅពិនិត្យបន្ត នៅវិទ្យាស្ថានប៉ាស្ទ័របន្តទៀត។

ឯកឧត្តម អ៊ូច ភា បន្តទៀតថា អាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានចំពោះហាងផឹកស៊ី ក្លិបកម្សាន្ត និងហាងខារ៉ាអូខេទាំងនោះ ព្រោះកន្លែងទាំងអស់នេះមានការជួបជុំគ្នាច្រើន ដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវិដ១៩ ដូច្នេះយើងត្រូវឃ្លាំមើលឱ្យបានជាប់ជាប្រចាំ ទម្រាំមានសេចក្តីប្រកាសឱ្យយើងបើកដំណើរការឡើងវិញពីក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ទើបយើងអនុញ្ញាតឱ្យបើកឡើងវិញបាន៕

ដោយ អ៊ុច សៀង