កាកបាទក្រហមកម្ពុជាជំរុញឱ្យក្រុមគ្រូពេទ្យឆ្មបទូទាំងប្រទេសបន្ដគាំពារសុខភាពមាតា និងទារក

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

ភ្នំពេញ៖កាកបាទក្រហមកម្ពុជាជំរុញអោយក្រុមគ្រូពេទ្យឆ្មបទូទាំងប្រទេស បន្ដចូលរួមគាំពារសុខភាពមាតា និងទារក ដើម្បីកាត់បន្ថយការស្លាប់របស់មាតានិងទារកព្រមទាំង ចូលរួមទប់ស្កាត់និងការពារជំងឺCovid 19។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមសារលិខិតបានឱ្យដឹងថា ក្នុងស្ថានការណ៍រាតត្បាតជាសកលនៃវីរ៉ុស Covid 19នេះ  ក្រុមគ្រូពេទ្យឆ្មប​ជំនាញ គិលានុបដ្ឋាក  វេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវឈរយ៉ាងរឹងមាំនៅជួរមុខ ដើម្បីបំពេញភារកិច្ចការពារសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ស្រ្តីនិងកុមារអោយរួចផុតពីការចម្លងមេរោគ Covid 19 ដែលជាការងារបន្ថែមលើការគាំពារសុខភាពមាតា ទារក និង កុមារដែលមានស្រាប់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា ដើម្បីបង្ការពីការឆ្លងមេរោគ Covid 19  ស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវ៖ ១លាងដៃអោយបានញឹកញាប់ ដោយលាងដៃជាមួយសាប៊ូ ឫ អាល់កុល,២ ចៀសវាងការយកដៃទៅប៉ះភ្នែក ច្រមុះមាត់, ៣ ប្រើក្រដាសខ្ទប់មាត់នៅពេលក្អក កណ្តាស់ ឫ ក្អកកណ្តាស់ដាក់លើដើមដៃបត់ ,៤រក្សាគម្លាតដោយស្ថិតនៅឆ្ងាយពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងតិច១ម៉ែត្រកន្លះ  និង៥ ទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនជាក្តៅខ្លួន ក្អក ឫពិបាក់ដកដង្ហើម និង ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ឫឆ្មបជំនាញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាព និងអនាម័យ ព្រមទាំងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទុប់ស្កាត់នូវជំងឺរាតត្បាតជាសកលនៃវីរ៉ុស Covid 19។ ចំពោះស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានពីការលូតលាស់របស់កូននៅក្នុងផ្ទៃ  និងសុខភាពរបស់ខ្លួន៕