ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ចុះអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីអនាម័យ ដើម្បីបញ្ជៀសពីជំងឺផ្សេងៗ

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា
MC:ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ចុះអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីអនាម័យ ដើម្បីបញ្ជៀសពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ ១៩។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់អនាម័យនិងសុខភាពជនបទរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ តែងតែធ្វើការផ្សព្វផ្សាយអំពីវិធីការពារជំងឺរាតត្បាតផ្សេងៗ ពិសេសការយល់ពីវីធីការពារកុំឲ្យមានការរីករាលដាលនៃជំងឺផ្តាសាយប្រភេទថ្មីកូវីដ១៩ ។ លោក បន្តថា ក្រៅពីបិទ លិខិតប័ណ្ណ អប់រំពាក់ពន្ធ័នឹងការធ្វើអនាម័យ មន្រ្តីជំនាញក៏បានចុះផ្សព្វផ្សាយដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសជនជាតិដើមភាគតិចឲ្យទម្លាប់ធ្វើអនាម័យជុំវិញផ្ទះជាប្រចំា លាងដៃអោយបានស្អាតជានិច្ចជាមួយសាប៊ូឬទឹកស្អាត ជាមួយគ្នានេះត្រូវអនាម័យខ្លួនប្រាណអោយខ្ជាប់ខ្ជួនដើម្បីជៀសវាងការឆ្លងនៃជំងឺឆ្លងគ្រប់ប្រភេទ ។
លោកបញ្ជាក់ថា អនាម័យតាមមូលដ្ឋាន ក្នុងលំនៅដ្ឋាន និងសហគមន៏ជាកត្តាដ៏សំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ ដើម្បីលើកកំពស់សហគមន៏ទាំងមូលទទួលបាននូវការរស់នៅប្រកបដោយស្នាមញញឹម សុខមាលភាពល្អ ។
សំឡេង: មុនពេលបរិភោគអាហារនិងការរស់នៅត្រូវធ្វើអនាម័យឲ្យបានសមរម្យ ដើម្បីចៀសវាងការចម្លងជម្ងឺនិងវីរុសផ្សេងៗទៀតដែលនាំឱ្យគាត់បាត់បងជីវភាពគ្រួសារហើយយើងក៏បានចុះធ្វើការអប់រំរាល់ខែហើយបញ្ហាកូវីដយើងក៏បានចុះអប់រំដល់ពួកគាត់ដែរ ពិសេសចែលិខិតប័ណ្ណការពារជំងឺឆ្លងកូវីដផងនិងជំងឺផ្សេងៗផង អញ្ចឹងយើងបានចុះចែកសាប៊ូលមួយគ្រួសារបានមួយដុំ ពេលដែលពួកគាត់លាងដៃ ហើយនៅពេលអត់មានសាប៊ូដុំគាត់អាចយកសាប៊ូម្សៅ សាប៊ូលាងចាន ហើយសុំអាតដៃបានជានិច្ចការពារកុំឱ្យមានមេរោគនៅក្នុងខ្លួនប្រាណរបស់ពួកគាត់។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាសង្ស័យទាក់ទងនឹងជំងឺផ្សេងៗត្រូវទំនាក់ទំនងមកអាជ្ញាធរដែលពាក់ព័ន្ធ ឬក្រុមការងារដែលនៅជិតបំផុតតាមរយះលេខទួរស័ព្ទ ១១៥ ដើម្បីមន្រ្តីជំនាញចុះជួយអន្តរាគមន៏ទាន់ពេលវាលា៕