ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ចាប់ផ្តើមបង្កបង្កើនផលស្រូវ ខណៈឆ្នាំនេះមានភ្លៀងធ្លាក់ច្រើននៅដើមរដូវ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ចាប់ផ្តើមបង្កបង្កើនផលស្រូវ ខណៈឆ្នាំនេះមានភ្លៀងធ្លាក់ច្រើននៅដើមរដូវ ដែលជាកត្តាអំណោយផលដល់ការងារបង្កបង្កើនផល។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាកសិករបានចាប់ផ្តើមភ្ជួររាស់ស្រែបានជាង៩៥០០ហិកតា ក្នុងនោះដាំដុះបានជាង៤៨០០ហិកតា ដែលមានស្រូវស្រាលប្រមាណ២២០០ហិកតា ស្រូវកណ្តាលប្រមាណ១៩០០ហិកតា ស្រូវធ្ងន់ជាង៧០០ហិកតា លើផែនការសរុបជាង ៧៧០០០ហិកតា ។
លោកបានបន្តថា ប្រជាកសិករភាគច្រើនជ្រើសរើសប្រភេទពូជស្រូវ IR៤៩ , OM៥១៥៤ និងពូជសែនពិដោរ។លោកបន្ថែមថា តាមការប៉ាន់ប្រមាណ ទិន្នផលស្រូវដើមរដូវវស្សាឆ្នាំ២០២០នេះ អាចទទួលផលបាន៣.៥តោន ទៅ៤តោន / ហ.ត ។ ចំពោះប្រភពទឹកស្រោចស្រពវិញ កសិករពឹងលើរបបទឹកភ្លៀងក្នុងរដូវវស្សា ទឹកក្រោមដី (អណ្តូងខួង) អាងទឹក ស្រះនិងប្រឡាយ ជាដើម ។
លោកបានបន្តទៀតថា ការរៀបចំប្រព័ន្ធភ្លឺស្រែ ភ្ជួររាស់ និងកៀរពង្រាបដីស្រែឲ្យបានត្រឹមត្រូវ ការចុះពិនិត្យនិងវាយតំលៃស្រែជាប្រចាំ វាមានសារ:សំខាន់ណាស់ ដើម្បីធ្វើឱ្យការដាំដុះ ការលូតលាស់របស់ដំណាំស្រូវមានលក្ខណៈល្អប្រសើរ ។ ដូច្នេះ ប្រជាកសិករត្រូវពិនិត្យនិងរៀបចំភ្លឺស្រែឲ្យបានមាំល្អ ដើម្បីរក្សាទឹកទុកនិងងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹក នៅពេលភ្លៀងនៅតែបន្តធ្លាក់ គ្រប់គ្រងទឹកឲ្យបានសមស្របសម្រាប់ដំណាំស្រូវ ដើម្បីកុំឱ្យគ្រាប់ពូជរលួយដុះមិនល្អ ។
សំឡេង ៖ ឥឡូវនេះគឺយើងកំពុងតែចាប់ផ្តើមបង្កបង្កើនផលហើយ គឺចាប់ផ្ដើមភ្ជួរហ្នឹងព្រោះជាបណ្ដើរបណ្ដើរបន្តបន្ទាប់ហើយ ដោយសារយើងទទួលទឹកភ្លៀងបានបួនប្រាំមេដែរធំៗ នៅក្នុងទូទាំងខេត្តទាំងមូល ហើយឥឡូវនេះ យើងបានចុះជំរុញ ចុះធ្វើការជួបប្រជាកសិករនៅតាមមូលដ្ឋាន បន្ទាប់ពីយើងធ្វើការប្រជុំណែនាំដល់មន្ត្រីជំនាញ ហើយនិងការិយាល័យកសិកម្មក្នុងស្រុក គឺយើងបានចុះដល់មូលដ្ឋានថែមទៀត ដើម្បីណែនាំនូវបច្ចេកទេសមួយចំនួនឲ្យប្រជាកសិករ ហើយការចុះណែនាំនេះ គឺមិនបានទៅអត់ទេ គឺយើងបានតាមតំបន់ដែលទេ ប៉ុន្តែប្រជាកសិករនឹងព្យាយាមចែករំលែកគ្នា ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់អនុសាសន៍ណែនាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងបន្លែ នៅតាមទីតាំងនិងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ៕