ក្រសួងអប់រំលើកទឹកចិត្តអាជ្ញាធរយជួយជំរុញឱ្យសិស្សសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖ ក្រសួងអប់រំលើកទឹកចិត្តអាជ្ញាធរដែនដីឲ្យជួយជំរុញអាណាព្យាបាលសិស្សានុសិស្សតាមសហគមន៍លើដំណើរការអនុវត្តការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឲ្យពួកគេនៅតែទទួល បានការអប់រំ ខណៈដែរសាលារៀនត្រូវបានផ្អាកការសិក្សាមួយរយៈ។

ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សានឹងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍន៍យុវជន នៃក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងបានបន្តពន្យារការចូលរៀនឡើងវិញក្រោយពីវិស្សមកាលតូច ដើម្បីធានាថាសិស្សអាចបន្តរៀនតាមផ្ទះ ក្រោមការជួយសម្របសម្រួលពីមាតាបិតារបស់សិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន។
លោកបន្តថា ក្រសួង នៅតែបន្តផលិតវីដេអូសម្រាប់ការបង្រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សរៀនតាមផ្ទះចាប់ពីមេត្តយ្យសិក្សា បឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងពង្រីកការផ្សាយឲ្យបានកាន់តែទូលំទូលាយជាងមុន។
លោកបានបន្ថែមទៀតថា លោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់ឬមុខវិជ្ជាទៅតាមកម្រិតថ្នាក់នីមួយៗ ត្រូវណែនាំសិស្សានុសិស្សទាំងអស់ ឲ្យយល់ពីររបៀបប្រើប្រាស់ឧបករណ៍ប្រព័ន្ធការរៀនពីចម្ងាយ ស្របទៅតាមកម្មវិធីសិក្សាផ្លូវការរបស់ក្រសួងដែលរួមមាន គេហទំព័រ ទំព័រហ្វេសប៊ុក និងទូរស្សន៍ ។ គ្រូបង្រៀនត្រូវបែងចែកពេលវេលា ដើម្បីចុះទៅជួយសម្របសម្រួលការរៀនរបស់សិស្សទៅតាមបណ្តុំ តាមភូមិឬតាមផ្ទះនីមួយៗ។
សំឡេង៖ «ក្រសួងឲ្យលោកគ្រូអ្នកគ្រូ នាយកសាលា សហការជាមួយអាជ្ញាធរដែនដី មានមេភូមិ មេឃុំ ចៅសង្កាត់ យើងប្រមូលផ្ដុំគ្នាមើលថា ពេលដែលលោកគ្រូអ្នកគ្រូអត់ធ្វើការនៅក្នុងសាលារៀនទេ ? ប៉ុន្តែលោកអាចធ្វើការនៅតាមផ្ទះខ្លះ ក្រសួងបានណែនាំឲ្យបង្កើតក្រុមជាមួយមាតាបិតាសិស្ស ជាមួយនិងសហគមន៍ ដើម្បីតាមដានមើលថា៖ តើកូនក្មេងបានរៀនឬមានមធ្យោបាយ រៀនបានប៉ុណ្ណា ?បើអត់ទេក្រសួងនឹងឲ្យទម្រង់របាយការណ៍មួយ គាត់នឹងផ្ដល់ព័ត៌មានត្រឡប់មកតាមអប់រំ ការិយាល័យអប់រំស្រុក ត្រូវសហការ ការងារជាមួយអប់រំផ្តល់មកមន្ទីរផ្តល់មក ក្រសួង ដើម្បីរកវិធានការទៀត។
ការធ្វើតេស្តយើងគិតដើម្បីពេលដែលត្រឡប់ចូលវិញ លោកគ្រូអ្នកគ្រូនិងមានកិច្ចការមួយទៀតជាសន្លឹកកិច្ចការដែលផ្ញើឲ្យសិស្ស ដើម្បីវាយតម្លៃ ថាការអប់រំតាមអនឡាញសិស្ស ប៉ុន្មាននាក់បានរៀន បានយល់ប៉ុណ្ណា ពេលមានឱកាសចូលត្រឡប់មកវិញ ។យើងនឹងឲ្យសាលាធ្វើតេស្តដើម្បីវាយតម្លៃសមត្ថភាព ហើយបង្រៀនឡើងវិញតាមតម្រូវការរបស់សិស្ស យើងអត់បង្រៀនតម្រូវតាមកម្មវិធីបន្តពីអនឡាញទេ»។
លោកស្រី ស្រីមុំ មកពីខេត្តកំពង់ស្ពឺបានឲ្យដឹងថា លោកស្រីតែងតែ បានណែនាំនិងរំលឹកអំពីកម្មវិធី ឬកាលវិភាគដែលក្រសួងផ្សាយផ្ទាល់ ឬចាក់ផ្សាយការបង្រៀនទៅតាមមុខវិជ្ជានិងកម្រិតថ្នាក់នីមួយៗ ជួយបង្រៀនកូន ឬ អង្គុយរៀនជាមួយកូន ពន្យល់កូនបន្ថែម ចាំជួយលើកទឹកចិត្តកូន ដើម្បីឲ្យកូនរៀន ឆាប់យល់។
សំឡេង៖ «អង្គការបានចុះស្រាវជ្រាវនៅក្នុងឃុំយើងនេះ មានគ្រួសារប៉ុន្មាននាក់ដែលពួកគាត់មានទូរទស្សន៍មើល មានប៉ុន្មានគ្រួសារដែលរៀនតាមប្រព័ន្ធអនឡាញទូរស័ព្ទ ។បានមើលគេរៀននៅតាមទូរទស្សន៍ ឬទូរស័ព្ទ ចឹងៗ ។ក្នុងនាមខ្ញុំជាអាណាព្យាបាលក៏គ្រប់គ្រងឲ្យកូនរៀន តាមសៀវភៅរបស់ក្រសួងអប់រំបន្ថែមទៀត»។
លោកបានបញ្ជាក់ថា ក្រសួងនឹងរៀបចំការធ្វើតេស្តវាយតម្លៃការសិក្សារបស់សិស្សតាមកម្រិតថ្នាក់និងតាមមុខវិជ្ជាដើម្បីឲ្យគ្រូបង្រៀនដឹងអំពីកម្រិតសមត្ថភាពរបស់សិស្សម្នាក់ៗរួចដឹកនាំការបង្រៀនទៅតាមកម្រិតសមត្ថភាពរបស់សិស្ស។
យោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩បានធូរស្បើយទាំងអស់នៅកម្ពុជានិងនៅលើពិភពលោកក្រសួងអប់រំនឹងសម្រេចឲ្យបើកដំណើរការសាលារៀនឡើងវិញ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលារៀនត្រូវចូលរួមសម្អាតអនាម័យទាំងក្នុងបន្ទប់រៀន ក្រៅបន្ទប់រៀន និងក្នុងបរិវេណសាលារៀនទាំងមូលឲ្យបានស្អាតនៅមុនពេលដំណើរការរៀនសូត្រឡើងវិញ៕