អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញឲ្យប្រជាកសិករចិញ្ចឹមមាន់រៀបចំចងក្រងជាក្រុម ឬសហគមន៍ដើម្បីជាស្រួលរកទីផ្សារ

វិទ្យុជាតិកម្ពុជា ៖ ទៀក លឹមជូ
MC ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញឲ្យប្រជាកសិករចិញ្ចឹមមាន់រៀបចំចងក្រងជាក្រុម ឬសហគមន៍ដើម្បីជា​​ស្រួលរកទីផ្សារ ពិសេសទទួលបានតំលៃថ្លៃ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា ការចងក្រងជាក្រុម ឬសហគមន៍ចិញ្ចឹមមាន់ មានសារៈសំខាន់ណាស់ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការផ្គត់ផ្គង់ទៅអ្នកប្រមូលទិញឲ្យមានជាប្រចាំ រក្សានិរន្តរភាពទីផ្សារនិងទទួលបានតំលៃថ្លៃ។ ដែលបច្ចុប្បន្នទូទាំងខេត្ត មានកសិដ្ឋានចិញ្ចឹមមាន់ចំនួន ៩២រោង និងមានសមត្ថភាពផ្គត់ផ្គង់ចំនួន ៣លាន៣សែនក្បាល ក្នុងរយៈពេល៦ខែ ។
លោកបានបន្តថា មន្ត្រីជំនាញតែងតែចុះពិនិត្យ ដកស្រង់បទពិសោធន៍ ជាពិសេសណែនាំពីការចិញ្ចឹមមាន់ស្រែ ដោយជំរុញឲ្យកសិករ បង្កើនការភ្ញាស់កូនមាន់និងចិញ្ចឹមសាច់មាន់ឲ្យបានច្រើន ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ខណៈដែលការរីករាលដាលនៃវីរុសកូវីដ១៩នៅតែបន្តកើតមានឡើងនៅទូទាំងពិភពលោក ហើយការនាំចូលក៏ត្រូវបានកាត់បន្ថយ។
សំឡេង ៖ ជាពិសេសគឺការចិញ្ចឹមមាន់មាន់ស្រែយើងហ្នឹង ហើយក៏មានគម្រោងហើយនិងកម្មវិធី ដែលជួយជម្រុញដល់ការចិញ្ចឹមមាន់នៅក្នុងខេត្ត ហើយយើងជំរុញរៀបចំជាបណ្ដុំកសិករចិញ្ចឹមមាន់នៅក្នុងពេលបច្ចុប្បន្ននេះតែម្ដង ហើយស្ថិតក្នុងស្ថានភាពខុសគ្នានេះ ហើយបើទោះបីជាមានជំងឺកូវីដនេះ ដោយមានការណែនាំពីរាជរដ្ឋាភិបាលមិនមានឲ្យមានការជួបជុំនោះ ក៏យើងព្យាយាមធ្វើការចុះជួបកសិករជាលក្ខណៈបុគ្គលៗ តាមគ្រួសារនីមួយៗ ធ្វើយ៉ាងណាមិនឲ្យដំណើរការនៃការជំរុញការងារកសិកម្មនេះ មានការរាំងស្ទះនោះទេ នៅតែចុះជាបន្តបន្ទាប់ តាមរយៈការចុះតាមគ្រួសារនីមួយៗតែម្ដង មិនបានជួបជុំនោះទេ ។
លោកប្រធានមន្ទីរសង្កេតឃើញថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារមាន់ស្រែ មានកំណើនច្រើន តាមរយៈអ្នកប្រមូលទិញចល័តក្នុងស្រុក និងកសិករទិញកូនយកទៅចិញ្ចឹមផ្ទាល់ក៏មានច្រើន។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់អនុសាសន៍ណែនាំ ដល់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញផលិតកម្មសត្វ ដែលបានផលក្នុងរយ:ពេលខ្លី ដោយផ្តល់នូវពូជ ចំណី វ៉ាក់សាំង និងបច្ចេកទេសនៃការចិញ្ចឹម ៕