សហរដ្ឋអាមេរិកនឹងបន្តស្វែងរកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមិនគិតពីភាពជាអ្នកដឹកនាំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយ​ថា សហរដ្ឋអាមេរិកនឹងបន្តជំរុញឱ្យមានការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមិនគិតថា អ្នកណាជាអ្នកដឹកនាំប្រទេស​របបកុម្មុយនិស្តមួយនេះទេ។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានមួយថា លោកមិន​មានអ្វីត្រូវបន្ថែមទៅលើការរំពឹងទុកយ៉ាងខ្លាំងដែលថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងធ្លាក់ខ្លួនឈឺនោះទេ។

លោកបាននិយាយថា «បេសកកម្មរបស់យើង គឺដូចគ្នា ដោយមិនគិតពីអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកូរ៉េខាងជើង​ជាមួយនឹងការគោរពតាមការដឹកនាំរបស់ពួកគេ។ បេសកកម្មរបស់យើងនៅតែដដែល គឺត្រូវផ្តល់ជូននូវកិច្ចព្រមព្រៀងដែលលោក​ប្រធានាធិបតី គីម បានធ្វើជាមួយលោកប្រធានាធិបតី ត្រាំ ឱ្យត្រឡប់មកវិញនៅក្នុងប្រទេសសិង្ហបូរី ហើយនោះ គឺជាការលុបបំបាត់​អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងដែលត្រូវបានផ្ទៀងផ្ទាត់»។

លោក Pompeo បាននិយាយសំដៅទៅដល់កិច្ចប្រជុំកំពូលលើកដំបូងរវាងលោក គីម និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០១៨ ដែលក្នុងពេលនោះភាគីទាំងពីរបានឯកភាពគ្នា «ធ្វើការឆ្ពោះទៅរក» ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៃឧបទ្វីបកូរ៉េ។

បើទោះបីជាមានការជួបគ្នាពីរដងទៀតរវាងលោក គីម និងលោក ត្រាំ ក៏ដោយ ក៏កូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានបរាជ័យ​ក្នុងការឈានទៅរកការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបមួយនេះ។

លោក Pompeo បាននិយាយថា «យើងនៅតែសង្ឃឹមថា យើងនឹងរកឃើញផ្លូវមួយដើម្បីចរចារកដំណោះស្រាយនោះ ដើម្បី​ទទួលបានលទ្ធផលល្អសម្រាប់ប្រជាជនអាម៉េរិក សម្រាប់ប្រជាជនកូរ៉េខាងជើង និងសម្រាប់ពិភពលោកទាំងមូល។ បេសកកម្មរបស់​យើងនឹងមិនផ្លាស់ប្តូរទេ បើទោះបីជាមានអ្វីកើតឡើងក៏ដោយ»៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)