ជំងឺកូវីដ-១៩ ដាក់សម្ពាធយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចនៃក្រុមប្រទេស CLMV

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — យោងតាមរបាយការណ៍របស់ធនាគារ Maybank Kim Eng បានឱ្យដឹងថា ការរីករាលដាល​នៃជំងឺ កូវីដ-១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ( CLMV ) និងអាចបណ្តាលឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះធ្លាក់ចុះដល់កម្រិតទាបជា ប្រវត្តិសាស្ត្រផងដែរ។

របាយការណ៍នេះបាននិយាយថា កំណើន GDP របស់ក្រុមប្រទេស CLMV ត្រូវបានគេព្យាករណ៍ថានឹងមានការធ្លាក់ចុះយ៉ាង​ខ្លាំងដល់ ៣ភាគរយនៅក្នុងឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះពី ៦,៩ភាគរយនៅក្នុងឆ្នាំ ២០១៩ មុនពេលងើបឡើងវិញដល់ ៦,៥ភាគរយ​នៅក្នុងឆ្នាំ ២០២១ ។

ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងធ្វើបានប្រសើរជាងប្រទេសផ្សេងទៀត ជាមួយនឹងកំណើន ៣,៦ភាគរយ ដោយសាររចនា​សម្ព័ន្ធសេដ្ឋកិច្ចចម្រុះ និងជំហរសារពើពន្ធដែលមានភាពល្អប្រសើរ និងមូលដ្ឋានគ្រឹះម៉ាក្រូ បើទោះបីជាតួលេខនេះនៅតែធ្លាក់ចុះយ៉ាង​ខ្លាំងពីកំណើន ៧ភាគរយកាលពីឆ្នាំមុនក៏ដោយ។

ប្រទេសវៀតណាមហាក់ដូចជាទទួលបានភាពជោគជ័យ ដែលធ្វើឱ្យការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ស្ថិតនៅក្រោមការ​គ្រប់គ្រងបាន ហើយបានក្លាយជាប្រទេសដំបូងគេក្នុងអាស៊ាន ដែលបានចាប់ផ្តើមបន្ធូរបន្ថយវិធានការណ៍គម្លាតសង្គមនៅថ្ងៃទី ២៣ ខែមេសា ដោយក្រុមហ៊ុនពាណិជ្ជកម្ម និងហាងលក់រាយត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ហើយការដឹកជញ្ជូនសាធារណៈ​ក៏បន្តឡើងវិញដែរ។

ផ្ទុយទៅវិញ ប្រទេសកម្ពុជានឹងមានការធ្លាក់ចុះនូវកំណើនមកនៅត្រឹម ០,៥ភាគរយ ពោលគឺធ្លាក់ចុះពី ៧ភាគរយក្នុងឆ្នាំ ២០១៩។ ប្រទេសកម្ពុជានៅមិនទាន់ដាក់ចេញនូវវិធានការចាក់សោរបិទទ្វារប្រទេសនៅឡើយទេ បើទោះបីជាច្បាប់ដាក់ប្រទេសក្នុងភាព​អាសន្នត្រូវបានអនុម័តរួចរាល់កាលពីពេលថ្មីៗនេះក៏ដោយ។

គេរំពឹងថា ប្រទេសមីយ៉ាន់ម៉ានឹងមានកំណើន ២ភាគរយនៅក្នុងឆ្នាំនេះ ពោល គឺធ្លាក់ចុះពី ៦,៨ភាគរយកាលពីឆ្នាំមុន។ ប្រទេស​នេះពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនឹង វិស័យទេសចរណ៍ និងគមនាគមន៍ ដែលមានរហូតដល់ ១១,២​ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ប្រទេសឡាវប្រហែលជាមានភាពស៊ាំជាងមុន ដោយការផលិត ផលិតកម្មមានត្រឹមតែ ៧,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប និងវិស័យទេសចរណ៍ និងដឹកជញ្ជូន ៣,៩ភាគរយ។ ប៉ុន្តែការពឹងផ្អែកយ៉ាងខ្លាំងទៅលើអគ្គិសនី និងឧស្ម័នជំនួស (១០,៨ភាគរយ) អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅពេលរោងចក្របិទទ្វារ និងដំណើរការយឺត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)