សម្តេចពិជ័យសេនាទៀបាញ់សរសើរកងទ័ពដែលបានចូលរួមថវិកាផ្ទាល់ខ្លួនក្នុងការប្រយុទ្ធនឹងជំងឺCOVID-19

វិទ្យុជាតិកម្ពុជា៖ លោកអាត់ចន្ធូ

MC៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងកងទ័ពទាំងអស់ ដែលបានចូលរួមទាំងកម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន ជាមួយដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ COVID-19។

ការថ្លែង របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ បានប្រកាសចូលរួមបរិច្ចាគថវិកា និងប្រាក់បៀវត្សប្រចាំខែរបស់ខ្លួន តាមការអំពាវនាវរបស់ សម្តេចតេជោ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

តាមរយៈទំព័រ Facebook ផ្លូវការរបស់សម្តេចពិជ័យសេនា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះសម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «សូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងបងប្អូនកងទ័ពទាំងអស់ ដែលបានចូលរួមចំណែកអស់កម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន គាំទ្រដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19»។

សូមបញ្ជាក់ថា  ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន, ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភាសម្តេចពញាចក្រី ហេង សំរិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានបរិច្ចាគប្រាក់បៀវត្សទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ៕