មន្ទីរកសិកម្មខេត្ដតាកែវ អំពាវនាវឱ្យប្រជាកសិករត្រៀមពូជស្រូវ និងរៀបចំដី ដើម្បីបង្កបង្កើនផលស្រូវរដូវវស្សានាពេលខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖មន្ទីរកសិកម្មខេត្ដតាកែវ អំពាវនាវឱ្យប្រជាកសិករត្រៀមពូជស្រូវ និងរៀបចំដី ដើម្បីបង្កបង្កើនផលស្រូវរដូវវស្សាឱ្យបានពីដើមដៃ បន្ទាប់ពីមានការធ្លាក់ភ្លៀងជាបណ្ដើរៗ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ដតាកែវ ប្រាប់វិទ្យុជាតិកម្ពុជាបានឱ្យដឹងថា មន្ទីរបានចុះផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យត្រៀមពូជស្រូវសុទ្ធដែលមានគុណភាពខ្ពស់ ជី ឧបករណ៍សម្ភារៈកសិកម្ម ជាពិសេស ចាប់ផ្ដើមភ្ជួររាស់ដាស់ដីឱ្យបានរួចរាល់ ដើម្បីអនុវត្ដដាំដុះដំណាំស្រូវវស្សាបានទាន់ពេលវេលា។
លោកប្រធានមន្ទីរបញ្ជាក់ថាការត្រៀមពូជស្រូវដែលមានគុណភាព និងភ្ជួរដាស់ដីនេះ ដើម្បីធ្វើឱ្យការបង្កបង្កើនផលស្រូវវស្សាទទួលបានទិន្នផលខ្ពស់បន្ទាប់ពីកសិករធ្វើស្រែមានលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ។
លោកបញ្ជាក់ទៀតថា ការធ្វើស្រូវរដូវវស្សានេះ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងក្នុងការហូបចុកក្នុងរយៈមួយឆ្នាំៗបានគ្រប់គ្រាន់ និងអាចលក់ទៅលើទីផ្សារសម្រាប់បង្កើនសេដ្ឋកិច្ចក្នុងក្រុមគ្រួសារផងដែរ។
លោក ស៊ុ សូនី ប្រជាកសិកររស់នៅក្នុងខេត្ដតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាបានឱ្យដឹងដែរថា លោក និងប្រជាកសិករក្នុងខេត្ដតាកែវ ចាប់ផ្តើមការងារបង្កបង្កើនផលស្រូវពីដើមដៃ ដោយបានធ្វើការភ្ជួររាស់ដាស់ដី និងត្រៀមពូស្រូវ ជីរួចរាល់ហើយ ក្រោយពីមានភ្លៀងចំនួន៣ ឫ ៤ មេរួចមក ដើម្បីបង្ករបង្កើនផលឱ្យបានទាន់ពេលវេលា ។ ការធ្វើស្រែចំការនៅក្នុងខេត្តតាកែវនេះ ភាគច្រើនគឺពឹងផ្អែកលើទឹកភ្លៀង ប្រសិនបើឆ្នាំនេះមានការធ្លាក់ភ្លៀងគ្រប់គ្រាន់ នោះការធ្វើស្រែចំការរបស់ប្រជាពលរដ្ឋក៏ទទួលបានទិន្នផលខ្ពស់ផងដែរ។
សូមបញ្ជាក់ថា ការចាប់ផ្តើមមមាញឹកក្នុងការភ្ជួររាស់ធ្វើស្រែចំការពីដើមដៃនេះដោយសារតែរដូវវស្សាឆ្នាំនេះចូលមកដល់លឿនជាងឆ្នាំមុនជាមួយនឹងទឹកភ្លៀងពីមធ្យមទៅបង្គួរ។
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្នុងខែសីហា និងខែកញ្ញាភ្លៀងអាចធ្លាក់រាយប៉ាយល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ហើយនៅតាមខេត្តមួយចំនួនដែលនៅទំនាបជាប់តំបន់ជួរភ្នំ និងខ្ពង់រាប និងតំបន់ជាប់ផ្លូវទឹក៕