រាជរដ្ឋាភិបាលគ្រោងកាត់បន្ថយមជ្ឈមណ្ឌលថែទាំក្មេងឱ្យមកនៅតិចបំផុត

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០៖

រាជរដ្ឋាភិបាលគ្រោងកាត់បន្ថយមជ្ឈមណ្ឌលថែទាំក្មេងឱ្យមកនៅតិចបំផុត ខណៈមជ្ឈមណ្ឌលថែទាំក្មេងភាគច្រើនមិនអាចអប់រំ និងមើលថែកុមារបានល្អនោះទេ។
ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតអោយមានការបង្កើត មជ្ឈមណ្ឌលថែទាំក្មេងបន្ថែមទៀតនោះទេ ហើយគ្រប់មជ្ឈមណ្ឌលថែទាំក្មេងដែលបានបើករួចហើយត្រូវតែមានលិខិតបទដ្ឋានគ្រប់គ្រាន់ និងមានលក្ខណៈស្តង់ដារ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ ២០២០នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបន្តថា តាមការសិក្សាក្នុងតំបន់ សកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ការចិញ្ចឹមក្មេងនៅតាមមណ្ឌលមែនជាជម្រើសដ៏ល្អ សម្រាប់ការអប់រំ ថែទាំនោះ ទេ ជម្រើសដ៏ល្អ សម្រាប់ការចិញ្ចឹមក្មេងអោយមានប្រសិទ្ធភាព និងមានគុណភាព គឺ ការចិញ្ចឹមក្មេងតាមលក្ខណៈ គ្រួសារ ឫ តាមសហគមន៍ ។ សំឡេង« អញ្ចឹងមណ្ឌលមួយ យើងពិនិត្យមើលក្មេងមានប៉ុន្មាន ហើយក្មេងនឹងគាត់មានសាច់ញាតិ ឫ អត់ ហើយសាច់ញាតិគាត់មានលទ្ធភាពអត់ សេដ្ឋកិច្ចគ្រួសាររបស់គាត់អាចធានារ៉ាប់រងបានអត់ អញ្ចឹងយើងបញ្ជូនពួកគាត់អោយទៅនៅក្នុងក្រុមគ្រួសាររបស់គាត់វិញ »។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានមជ្ឍមណ្ឌលថែទាំក្មេងចំនួន ១២៣ កន្លែងដែលអនុវត្តបានត្រឹមត្រូវទៅតាមស្តង់ដារកំណត់របស់ក្រសូង និងមានក្មេងចំនួន ៦០០០នាក់។ កាលឆ្នាំ ២០១៨ -២០១៩ កម្ពុជាមានមណ្ឌលថែទាំក្មេងរហូតដល់ទៅ៦០០មជ្ឈមណ្ឌល ក្រោយមកក្រសួងបានលុបចោលនូវមណ្ឌលមួយចំនួន ដើម្បីតម្រង់ទិស និងអោយមានប្រសិទ្ធភាពនៅសល់២២៣ មជ្ឈមណ្ឌល ៕