រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជំរុញឱ្យនាយកទូរទស្សន៍យូណាន់ប្រចាំកម្ពុជាបន្តពង្រឹងកិច្ចសហការល្អជាមួយទូរទស្សន៍ជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២៩ មេសា ២០២០៖

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជំរុញឱ្យនាយកទូរទស្សន៍ យូណាន់ប្រចាំកម្ពុជាបន្តពង្រឹងកិច្ចសហការល្អជាមួយទូរទស្សន៍ជាតិកម្ពុជា ដើម្បីបំរើដល់ការផ្សាយ និងពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី ស៊ីង ពើលី នាយកទូរទស្សន៍យូណាន់ប្រចាំកម្ពុជា និងទទួលម៉ាស់ចំនួន ៣ពាន់ម៉ាស់ ជាអំណោយរបស់ ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី ប្រទេសចិន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់ដំណើរការងារនៃកិច្ចសហប្រតិបត្តិការ រវាងទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍យូណាន់ ប្រទេសចិន ត្រូវពន្លឿននូវអ្វីដែលជាការគ្រោងទុក អោយដំណើរការទៅមុខ ពិសេសជួយគាំទ្រលើការងារបច្ចេកទេសនិងសំភារៈបរិក្ខាសម្រាប់ដំណើរការផ្សាយរបស់ប៉ុស្តិ៍ទទក២។
ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រីបានប្រាប់ភាគីចិនថា ដោយសារបញ្ហាជំងឺកូវីដ-១៩នេះទើប ក្រសួងព័ត៌មាន បានសម្រេចបង្កើតប៉ុស្តិ៍ទូរទស្សន៍ថ្មី ទទក ២ មុនការគ្រោងទុក ដោយជាការចាំបាច់ សម្រាប់ចាក់ផ្សាយកម្មវិធីបង្រៀនពីចម្ងាយ ។
លោកស្រី ស៊ីង ពើលី បានបញ្ជាក់ពីកិច្ចសហការល្អជាមួយ ក្រសួង ព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា មួយទូរទស្សន៍ យូណាន់ប្រទេសចិន ក្នុងរយៈពេលកន្លងមកនេះ ហើយនឹងបន្តទៅមុខទៀត ចំពោះគម្រោងការងារទាំងឡាយ ដែលបានខកខានអនុវត្ត ដោយសារបញ្ហាជំងឺ កូវីដ-១៩។
ឯកឧត្តម ខៀវ កាញារីទ្ធ បានអរគុណចំពោះ ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី ប្រទេសចិន ដែលបានផ្តល់នូវម៉ាស់ចំនួន ៣ពាន់ម៉ាស់ ដល់ក្រសួងព័ត៌មាន ហើយម៉ាស់ទាំងនេះ នឹងចែកទៅគ្រប់អគ្គនាយកដា្ឋនទាំង៥ ដើម្បីឱ្យមន្រ្តី និងថ្នាក់ដឹកនាំពាក់ការពារេជំងឺកូវីដ១-៩៕