ក្រសួងការងារ រៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២០ តាមរយៈប្រព័ន្ធ វីដេអូ Conference

AKP ភ្នំពេញ​ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រារព្ធពិធីទិវាពិភពលោក ដើម្បីសុវត្ថិ​ភាព និងសុខភាពការងារឆ្នាំ២០២០ ក្រោមប្រធានបទ “បញ្ឈប់ការរាតត្បាតសកល៖​ការរៀប​ចំផែនការ ឆ្លើយតបគ្រោះអាសន្នដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែង ធ្វើការ” តាមរយៈប្រព័ន្ធអ៊ិនធើណេត វីដេអូ Conference នាព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

លោក Graeme Buckley នាយកប្រចាំប្រទេសអង្គការអន្តរជាតិខាងការងារ(ILO)​សម្រាប់ប្រទេសកម្ពុជា ថៃ និងឡាវ មានប្រសាសន៍តាមវីដេអូ Conference ពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលបានថ្លែងអំណរគុណសម្រាប់កិច្ចសហការទាំងអស់ ក្នុងអំឡុង​​ពេលប៉ុន្មានខែចុងក្រោយនេះ ស្តីពីការឆ្លើយតបទៅនឹងមេរោគកូវីដ-១៩។ លោកបានកោត​សរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការចាត់វិធានការ​ដោះ​ស្រាយពីការគំរាមកំហែងនៃមេរោគកូវីដ-១៩ រួមទាំងកម្មករ និយោជិត នៅតាមបណ្តា​រោងចក្រ​កាត់ដេរផងដែរ។  ទន្ទឹមនេះ អង្គការ ILO  រួមទាំងគម្រោងរោងចក្រកាន់តែប្រសើរ​នៅកម្ពុជា និងគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ របស់​អង្គការ ILO នៅក្នុងប្រទេសកម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បី​សម្រេច នូវចក្ខុវិស័យពិភពលោកដែលមានកន្លែងការងារកាន់តែមានសុខភាព និងសុវត្ថិភាព ប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់។

តាមរយៈ វីដេអូ Conferenceនេះដែរ   ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាវីជ្ជៈបានមានប្រសាសន៍ថា ក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធ​ប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ក្រសួងសុខាភិបាលបាន ធ្វើការ​យ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វ ផ្សាយអប់រំ ស្តីពីជំងឺកូវីដ-១៩នេះ ដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងពីសុខ​ភាពសាធារណៈ លើការបង្ការខ្លួនឱ្យចៀសផុតពីការឆ្លង។ ចំពោះក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ ក្រុមការ ងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការលេចឡើងនូវជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ បាន​បង្កជាបញ្ហាប្រឈមដ៏ធំមួយទៀត បន្ថែមលើបញ្ហាដែលមានស្រាប់ ជាពិសេសគឺសង្គ្រាម​ពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ច សម្រាប់សកលលោកក៏ដូចជាកម្ពុជាយើង។ ជាមួយគ្នានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និងលំនឹងជីវភាពជូនកម្មករ​និយោជិត​ទាំងអស់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ជុំទីមួយ ទី២ និងទី៣ ដល់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យអាជីវកម្ម ទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។   ឯកឧត្ដមបានបន្ដថា រាជរដ្ឋាភិ​បាល ក៏បានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិតដែលទទួលរង​ផល​ប៉ះពាល់ រួមមាន៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺន​ដុល្លារ​អាម៉េរិក ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានពន្យារពេលការបង់រំលស់ និងអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុង​ពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយ​ការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមដាក់​ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែ​ធ្ងន់​ធ្ងរ។

ឯកឧត្តម អ៊ិត សំហេង ក៏បានបន្តអំពាវនាវជាថ្មីម្តងទៀតដល់ម្ចាស់រោងចក្រ សហ​គ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ សូមចូលរួមអនុវត្តន៍ឱ្យបានហ្មត់ចត់ បំផុតនូវវិធានការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យបានត្រឹមត្រូវទៅតាមការ​ណែនាំ​របស់ក្រសួងសុខាភិបាល និងក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ តាមរយៈ​ការអនុវត្តនូវវិធានការសុវត្ថិភាព និងសុខភាពការងារ​ជូន​បងប្អូន​កម្មករ និយោជិត។ រាជរដ្ឋាភិ​បាលសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូន​កម្មករនិយោជិតទាំងអស់ នឹងចូលរួមទប់ស្កាត់ និង​ប្រឆាំង​ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-១៩ ដើម្បីសេចក្តីសុខសាន្តយើងទាំងអស់គ្នា ដើម្បីអនាគត​ការងារយើង សង្គមជាតិយើង និងសេដ្ឋកិច្ចជាតិយើង។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្ត​ទុកដាក់​បន្តទៀត ទៅលើវិស័យសុវត្ថិភាពការងារនិងសុខភាពការងារ ដោយបានដាក់ឱ្យ​ប្រើប្រាស់នូវផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២​ដែល​ជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៥ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំ​ទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងរោងចក្រកាន់តែប្រសើរ​នៅ​កម្ពុជា(ILO-BFC) និងគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យ​សំណង់(ILO-OSH)ក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និង ​​វិធានការចាំបាច់នានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើ​ការ៕

ដោយ រិទ្ធី