មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបើកកិច្ចត្រួតពិនិត្យសកម្មភាពកីឡាប្រចាំខែមេសា ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដឹកនាំអង្គប្រជុំជា​មួយក្រុម​អនុរក្ស​ថ្នាលនៅសាលប្រជុំរបស់ខ្លួន ដើម្បីពិនិត្យលើការងារកីឡា​ប្រចាំខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំធំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈមួយចំនួន ដូចជាការផ្សព្វផ្សាយលិខិតបទដ្ឋាន​ពាក់​ព័ន្ធ​ផ្សេងៗ, ពង្រឹងការយាមកាមឱ្យបានជាប្រចាំគ្រប់ម៉ោងប្រចាំការតាមវេន, ពង្រឹង​អនុរក្ស​គ្រប់ប្រភេទកីឡាបន្ដសហការជាមួយគ្រូបង្វឹកនៃសហព័ន្ធកីឡាជាតិនានា ដើម្បីត្រួត​ពិនិត្យតាមដានការហាត់ហ្វឹកហ្វឺនរបស់កីឡាករ កីឡាការិនី ដែលកំពុងបន្តការហ្វឹក​ហាត់នៅ​តាមផ្ទះរៀងៗខ្លួនឱ្យបានជាប់លាប់ ដើម្បីបន្ដនិរន្ដរភាពការហាត់ហ្វឹកហ្វឺន ជាពិសេសផ្តល់ការ​ណែនាំនូវការរក្សាអនាម័យ ក្នុងស្មារតីចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩។ ក្រៅពីនេះក៏លោក​ប្រធានជំរុញលើកិច្ចការទទួល-បញ្ជូនឯកសារពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ព្រមទាំងបង្ហាញ​នូវ​វឌ្ឍនភាព បញ្ហាប្រឈម សំណូមពរផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាតែង​តែត្រួតពិនិត្យលើសកម្មភាពការងារកីឡាជាញឹកញាប់ ដើម្បីជំរុញឱ្យកីឡាករ កីឡាការិនី​ជម្រើស​​ជាតិឈុតធំ ជម្រើសជាតិថ្នាលបង្កើន គុណភាពបច្ចេទេស ត្រៀមការប្រកួតអន្តរ​ជាតិ​នានា។ បច្ចុប្បន្ន ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ការប្រមូលផ្តុំក្រុម ជម្រើសជាតិថ្នាល​ត្រូវបានរំសាយជាបណ្តោះអាសន្ន ហើយកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ក្រោម​ការ​ត្រួត ពិនិត្យសកម្មភាពហ្វឹកហាត់ នៅតាមផ្ទះពីគ្រូបង្វឹកនៃសហព័ន្ធកីឡាជាតិនានា តាម​រយៈ​ប្រព័ន្ធអនឡាញ៕

ដោយ ហេង ណាលីន