អនុប្រធានអចិន្ត្រៃយ៍ដឹកនាំការត្រួតពិនិត្យស្លាកសញ្ញា-និមិត្តរូប សម្រាប់ស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀប​ចំការប្រកួតកីឡាអាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» សម្រាប់ SEA Games ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

អគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំនេះ ឯកឧត្តម​អនុប្រធានអចិន្ដ្រៃយ៍បានពិនិត្យលើស្នាដៃ គំនូស្លាកសញ្ញា និងនិមិត្តរូប ពាក្យស្លោក ឬបាវចនា ស៊ីហ្គេម ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យវប្បធម៌ និងផ្នែក​ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងឱ្យ​គំនូរ​ស្លាក​សញ្ញា និងនិមិត្ត រូបនេះរំលេចនូវខ្លឹមសារល្អ ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ក្រោមប្រធានបទ «សុភាទន្សាយ» ដែលមានចរិតលក្ខណៈជាខ្មែរ។ ឯកឧត្តមបន្ថែមទៀតថា នៅក្នុងការប្រកួត​ប្រជែងស្នាដៃគំនូរស៊ីហ្គេម ដែលបានបើកទូលាយសម្រាប់មហាជនទូទៅ កាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ គឺយើងទទួលបានស្នាដៃជាច្រើន ហើយកិច្ចប្រជុំបានពិនិត្យ​ឃើញនូវ​ស្នាដៃ សុភាទន្សាយ មួយចំនួន ដែលលេចធ្លោជាងគេ មានលក្ខណៈវប្បធម៌ជាខ្មែរ ដែល​សម្លៀកបំពាក់នោះមានប្រើប្រាស់ ក្នុងសិល្បៈក្បាច់គុនល្បុក្កតោ របស់ខ្មែរយើង។ ចំពោះ​ឡូហ្គោ មាននិមិត្តរូបនៃខ្លឹមសារចំនួន៣ គឺបង្ហាញនូវប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណ​ជាតិ, កងចំនួន១១ ដែលជាកងនៃសញ្ញារបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងរូបមួយចំនួន​ទៀត ពាក់ព័ន្ធនឹងក្បាច់ចម្លាក់ ដែលយើងជ្រើសរើសយកមកវិភាគជ្រើសរើស និងកែសម្រួល​បន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីដាក់ឆ្លងការសម្រេច នៅក្នុងកិច្ចប្រជុំលើកក្រោយជាមួយ​សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC។ ក្រោយពីសម្រេចពី CAMSOC រួចហើយ​ស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» និងពាក្យស្លោក ឬបាវចនា សម្រាប់ SEA Games ឆ្នាំ២០២៣ នឹងត្រូវដាក់ស្នើសុំការសម្រេចចុងក្រោយពីសម្តេចតេជោ ហ៊ុន សែន​ ដើម្បីបាន​ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ។

សូមរម្លឹកថា គំនូរស្លាកសញ្ញា និងនិមិត្តរូប ស៊ីហ្គេម ២០២៣ នេះត្រូវបានបើកឱកាសឱ្យ​ប្រឡងប្រណាំងស្នាដៃជាសាធារណៈ កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០១៩ ក្នុងគោលបំណង​បង្ហាញពី​ប្រពៃណីទំនៀមទម្លាប់ វប្បធម៌ជាតិខ្មែរ ហើយគំនូរនេះត្រូវផ្តោតសំខាន់​លើភាពទាក់​ទាញ ក្នុងខ្លឹមសារល្អ ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ក្រោមប្រធានបទ «សុភាទន្សាយ» ដែលមានចរិតលក្ខណៈជាខ្មែរ។ ចំពោះអ្នកទទួលបាននូវជ័យលាភីនឹងទទួលបានប្រាក់រង្វាន់​លើកទឹក​ចិត្ត (មិនតិចពាន់ដុល្លារទេ) ដោយតម្កល់ទុកស្នាដៃរបស់បេក្ខជនជ័យ​លាភីជាប្រវត្តិ​សាស្រ្ត សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយបេក្ខ ជនជ័យលាភីនោះ​នឹងទទួល​បានកិត្តិយសដ៏ធំធេងជាទូតសុឆន្ទៈ និងជាភ្ញៀវកិត្តិយសគ្រប់កម្មវិធីទាំងអស់របស់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការបើកឱ្យ​មានការប្រកួត​ជា​សាធារណៈសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនេះ គឺក្នុងគោលបំណងសំខាន់នៃការ​ចូល​រួមទាំងអស់គ្នានៃប្រជាជាតិខ្មែរ ដែលជាប្រវត្តិសាស្រ្តលើកទី១ ក្នុងការទទួលធ្វើម្ចាស់ផ្ទះជា​លើក​ដំបូងរបស់កម្ពុជា ពីព្រោះថា ស៊ីហ្គេម ២០២៣ គឺជារបស់ជាតិទាំងមូលរបស់ប្រជា​ជន​ខ្មែរទូទាំងប្រទេសទាំងមូល ជាអ្នកចូលរួមទាំងអស់គ្នា ដូច្នេះការប្រកួត នេះមិនត្រូវធ្វើក្នុង​លក្ខណៈចង្អៀតទេ ហើយប្រជាពលរដ្ឋទាំងអស់គឺជាម្ចាស់ផ្ទះ ជាអ្នកទទួលខុសត្រូវរួមគ្នា ក្នុងការជំរុញឱ្យការរៀបចំប្រកួតដ៏ធំជាប្រវត្តិសាស្ត្រនេះទទួលបានជោគជ័យ៕

ដោយ ហេង ណាលីន