កម្មវិធីផ្សាយ ការសិក្សាពីចម្ងាយ E-Learning តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានបានដំណើរការដោយរលូន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២៩ មេសា ២០២០៖

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា កម្មវិធីផ្សាយការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានក្រោមកិច្ចសហការគ្នាជាមួយ ក្រសួងអប់រំ យុវជន និងកីឡាបានដំណើរការដោយរលូន ដែលធ្វើឲ្យសិស្សានុសិស្សាអាចសិក្សាបានដោយងាយស្រួល។
នៅក្នុងកិច្ចប្រជុំក្រុមការងារ ទទក២ សម្រាប់ចាក់ផ្សាយ « ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្រ្តីគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់របស់ក្រសួងព័ត៌មាន ក៏ដូចជាក្រសួង អប់រំ យុវជន និងកីឡា ដែលបានរួមសហការគ្នា ដើម្បីអាចឲ្យដំណើរការផ្សាយសាកល្បងកម្មវិធីបង្រៀនពីចម្ងាយ នៅប៉ុស្តីទូរទស្សន៏ ទទ២ បានដំណើរទៅដោយរលូន ទោះបីជាមាន ការខ្វះខាត នូវសំភារបច្ចេកទេស ក៏ដោយតែអាចផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងខិតខំធ្វើឲ្យការងារផ្សាយកម្មវិធីបង្រៀនពីចម្ងាយនេះ កាន់តែមានគុណភាពល្អបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រច្រើនពីអាណាព្យាបាល និងសិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ ដល់ទី១២ នៅក្នុងពេលរៀននៅផ្ទះ បន្ទាប់ពីសាលាបានបិទដោយសារការបារម្មណ៍ ពីការឆ្លងនូវជំងឺកូវីដ-១៩។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឡើងលើកថា កម្មវិធីបង្រៀនពីចម្ងាយ បានចាប់ផ្តើមធ្វើការផ្សាយសាកល្បងរហូតមកដល់ពេលនេះ មានរយៈពេល១០ថ្ងៃមកហើយ ដោយបានផ្សាយនៅ ប៉ុស្ដិ៍ទូរទស្សន៏ជាតិថ្មី ទទក២ TVK2 App ក្រសួងព័ត៌មាន តាមប្រពន្ធ័ Satellite តេជោ DTV និងបណ្តាស្ថានីយ៍ ទូរទស្សន៍ខ្សែកាប រាជធានី ខេត្តចំនួន៦៦ប៉ុស្ដិ៍ ។ ជាមួយនឹងដំណើរការងារផ្សាយសាកល្បងនេះ ថ្នាក់ដឹកនាំ និងក្រុមការងារផ្សាយកម្មវិធីបង្រៀន ពីចម្ងាយតាមរយៈ ទទក២នេះ បានលើកពីចំណុចសំខាន់ៗមួយចំនួនដែលត្រូវធ្វើ ដើម្បីឲ្យគុណភាពនៃការផ្សាយបានកាន់តែច្បាស់ល្អ ក៏ដូចជាកិច្ចសហការគ្នាជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអ្នកផលិតកម្មវិធីបង្រៀន ឲ្យធ្វើយ៉ាងណាបានឆាប់រហ័សជាងមុន ក៏ដូចជាការបញ្ជូនរូបភាពមកចាក់ផ្សាយបានលឿន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ក្រសួងព័ត៌មាន បានសាកល្បងចាក់ផ្សព្វផ្សាយកម្មវិធីបង្រៀនពីចម្ងាយលើកញ្ចក់ ទូរទស្សន៏ប៉ុស្តិ៍ថ្មី ទទក២ តាមប្រពន្ធ័ Satellite តេជោDTV Appក្រសួងព័ត៌មាន រួមទាំងទូរទស្សន៏ ខ្សែកាបតាមបណ្តាខេត្ត នានា ទូទាំងប្រទេស ដែលអាចឲ្យ សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ ដល់ទី១២ ងាយស្រួលបើកមើលរៀនទាំងអស់គ្នាបានផងដែរ ៕