ក្រសួងសាធារណការ បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ៖

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង ដើម្បីបង្កើនការយល់ដឹងចំណេះដឹងថ្មីៗក្នុងការចុះសម្របសម្រួល និងពិនិត្យលក្ខណៈបច្ចេកទេស ។
ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង នៅថ្ងៃទី២៩ ខែមេសានេះ រៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀតដល់មន្ត្រីទាំងនោះ តាមរយៈការផ្តល់បទបង្ហាញពីវាគ្មិនអន្តរជាតិដែលមានបទពិសោធន៍យូរឆ្នាំ ជាវេទិកាសម្រាប់ការសួរដេញដោលនូវរាល់ចម្ងល់ទាំងឡាយដែលធ្លាប់បានជួបប្រទះ ខណៈពេលអនុវត្តជាក់ស្ដែងសំដៅធានាបាននូវទំនុកចិត្តខ្ពស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ឯកឧត្ដម បន្តថា គម្រោងមួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅការតែប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យលើម្ចាស់គម្រោង (អង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏សំខាន់ក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុនម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់។ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ចំណេះដឹងដ៏មានតម្លៃក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីវិស្វករ ដែលជាសសរស្ដម្ភ និងជាទំពាំងស្នងឫស្សីប្រកបដោយសក្ដានុពលរបស់ប្រទេសជាតិ។ឯកឧត្ដម បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមជាមតិយោបល់ សួរដេញដោលឱ្យបានផុលផុស ដើម្បីស្រាយចម្ងល់សំដៅទទួលបានចំណេះដឹងជាក់លាក់ ដើម្បីបម្រើនិងអភិវឌ្ឍប្រទេសជាតិរបស់យើង ៕