ប្រមុខការទូតទីម័រឡេស្តេ លើកឡើងថា កម្ពុជាជាប្រទេសដែលគួរតែយកជាគំរូ និងរៀនសូត្រតាម

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៩ ០៤ ២០២០ 

ប្រមុខការទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លើកឡើងថា កម្ពុជាជាប្រទេសដែលគួរតែយកជាគំរូ និងរៀនសូត្រតាម ទាំងការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពិសេសការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយ ឯកឧត្តម អ៊ឺមែនែហ្ស៊ីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរដល់ប្រទេសកម្ពុជា ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាពខ្ពស់ ខណៈដែលបណ្តាប្រទេសជាច្រើននៅលើពិភពលោកកំពុងតែរួមគ្នាទប់ស្កាត់ពីបញ្ហានេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តថា កម្ពុជាជាប្រទេសមួយដែលមានប្រវត្តិសាស្ដ្រស្រដៀងគ្នាទៅ និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលធ្លាប់ឆ្លងកាត់នូវប្រវត្តសាស្ដ្រដ៏ជូចត់ នាពេលកន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ថែមថា កម្ពុជា ជាប្រទេសមួយដែលមានភាពវ័យឆ្លាត ទាំងការបង្រួបបង្រួមជាតិ និងការធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យបានយ៉ាងឆាប់រហ័ស ដែលអាចរក្សាកំណើតសេដ្ឋកិច្ចរបស់ខ្លួនបានក្នុងរង្វង់ ៧ ភាគរយ។ 

«ហើយលោកក៏បានបញ្ជាក់ផងដែរថាលក្ខណៈស្រដៀងគ្នានៃប្រទេសកម្ពុជានិងទីម័រគឺមានការរៀនពីគ្នាទៅវិញទៅមក ជាពិសេសទីម័រ មានការរៀនសូត្រពីកម្ពុជាច្រើន តាមរយៈការបង្រួបបង្រួមបង្រួបជាតិដោយប្រវត្តទីម័រមានលក្ខណះប្រហាក់ប្រហែលនឹងកម្ពុជាដែលឆ្លងកាត់ការលំបាកនានា ក្នុងនោះឯកឧត្តមក៏បានវាយតម្លៃខ្ពស់នៃថ្នាក់ដឹកនាំកម្ពុជាយើងក្នុងការដឹកនាំប្រទេសជាពិសេសសេដ្ឋកិច្ចដែលកន្លងមកលោកកត់សម្គាល់ឃើញថា ប្រមាណជាង 7 ភាគរយហើយឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ថាពីទំនាក់ទំនងយើងបច្ចុប្បន្នឡើងដល់កម្រិតខ្ពស់រហូតដល់យើងចាត់ទុកថាមិនមែនត្រឹមប្រទេសជាមិត្តទេ គឺជាប្រទេសជាបងប្អូន»។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់កម្ពុជាយ៉ាងជ្រាលជ្រៅបំផុត ដែលកន្លងមកតែងតែគាំទ្រដល់ទីម័រក្នុងការត្រៀមចូលជាសមាជិកអាស៊ាន ពិសេសការជួយជ្រោមជ្រែមដល់ និស្សិតទាំង១០ នាក់ដែលកំពុងសិក្សានៅក្នុងប្រទេសកម្ពុជាបានយ៉ាងល្អប្រសើរ។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម កុយ គួង បញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានសម្ដែងនូវការអបអរសារទរ ជំពោះ ឯកឧត្តម អ៊ឺមែនែហ្ស៊ីលដូ គូប៉ា ឡូប៉េស ដែលបានក្លាយជា ឯកអគ្គរដ្ឋទូតថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សង្ឃឹមថាកិច្ចសហប្រតិបត្តិនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំបន្ថែមទៀតទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតជាច្រើន។   ឯកឧត្តម បញ្ជាក់ថា កម្ពុជាតែងតែគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជានិច្ច ចំពោះការត្រៀមខ្លួនចូលជាសមាជិកទី១១ នៃអាស៊ាន៕