មេរោគ SARS-CoV-2 អាចបំផ្លាញខួរក្បាល និងប្រព័ន្ធសរសៃប្រសាទកណ្តាល

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — នៅក្នុងអនុសាសន៍របស់ក្រសួងសុខាភិបាលរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបាន​និយាយថា មេរោគកូរ៉ូណាវីរុសអាចធ្វើឱ្យខូចខាតដល់ខួរក្បាលមនុស្ស នឹងធ្វើឱ្យមានការផ្លាស់ប្តូរឃានវិញ្ញាណក្នុងអំឡុងពេលនៃដំណាក់​កាលដំបូងនៃការឆ្លង ដែលអាចបង្ហាញអំពីការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល (CNS) ។

ឯកសារនេះបាននិយាយថា «វាត្រូវបានគេកំណត់ថា ការរីកសាយនូវសារធាតុនៃមេរោគ SARS-CoV-2 ពីចរន្តឈាម ឬតាមរយៈ Lamina cribrosa [រចនាសម្ព័ន្ធដែលមានរាងដូចសំណាញ់នៅខាងក្រោយភ្នែក] អាចបណ្តាលឱ្យខូចខាតដល់ខួរក្បាល។ ការផ្លាស់ប្តូរឃានវិញ្ញាណ (hyposmia) របស់​អ្នកជំងឺក្នុងអំឡុងពេលនៃដំណាក់កាលដំបូងនៃការឆ្លង ដែលអាចបង្ហាញអំពីការខូចខាត​ដល់ CNS ឬភ្នាសរំអិលនៃច្រមុះ»។

ឯកសារនេះបានគូសបញ្ជាក់ថា ទិដ្ឋភាពជាច្រើននៃការបង្ករោគនៃការឆ្លងមេរោគកូរ៉ូណាវីរុស គឺត្រូវការការស្រាវជ្រាវដ៏ស្មុគស្មាញ​បន្ថែមទៀត។

រហូតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ៩៣.៥៥៨ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី ដោយ​ក្នុងនោះមានអ្នកជំងឺ ៨.៤៥៦នាក់បានជាសះស្បើយពីវីរុសនេះ។ ទិន្នន័យចុងក្រោយរបស់រុស្ស៊ីបង្ហាញថា មានអ្នកស្លាប់ចំនួន ៨៦៧ នាក់នៅទូទាំងប្រទេស៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)