អ្នកជំនាញ៖ បុរសទំនងជាងាយឆ្លងជំងឺកូវីដ-១៩ ជាងស្ត្រី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — លោក Sergey Avdeev អនុប្រធានផ្នែករោគសួតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រដំបូងនៃ​ទីក្រុង មូស្គូបាននិយាយថា បុរសទំនងជាងាយឆ្លងមេរោគកូរ៉ូណាវីរុសជាងស្ត្រី (បុរស ៦០ភាគរយ ទល់នឹងស្ត្រី ៤០ភាគរយ)។ លោកបាន​និយាយបន្ថែមថា រហូតមកដល់ពេលនេះ មិនមានមូលហេតុណាមួយដែលអាចនិយាយបានថា បុរសមានរោគសញ្ញាធ្ងន់ធ្ងរ នៃជំងឺនេះ​ច្រើនជាងស្ត្រីនោះទេ។

«វាជាការពិត ដែលស្ត្រីឆ្លងជំងឺនេះតិចជាងបុរស។ ទោះជាយ៉ាងណា សមាមាត្រមិនមានច្រើននោះទេ។ ៦០ភាគរយ [នៃអ្នកឆ្លង] ជាបុរស និង ៤០ភាគរយជាស្ត្រី។ លោកបាននិយាយនៅស្ថានីយទូរទស្សន៍ ​Rossiya-1 ថា «ចំពោះភាពធ្ងន់ធ្ងរនៃជំងឺនេះមិនមាន​ហេតុផលណាមួយរហូតមកដល់ពេលនេះដែលនិយាយថា បុរសទំនងជាវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរនោះទេ»។

លោក Avdeev បានកត់សម្គាល់ថា ចំណែកនៃអ្នកជក់បារីក្នុងចំណោមអ្នកដែលឆ្លងវីរុសនេះ គឺទាបជាងការរំពឹងទុក។ «វាហាក់ដូចជាដំណឹងល្អសម្រាប់អ្នកជក់បារីទាំងអស់ ដូចជាប្រសិនបើអ្នកជក់បារី អ្នកទំនងជាមិនងាយឆ្លងជំងឺនេះដូច្នេះដែរ។ ប៉ុន្តែទោះ​ជាយ៉ាងណាក៏ដោយ វាហាក់ឆាប់ពេកក្នុងការធ្វើសេចក្តីសន្និដ្ឋានបែបនេះ ពីព្រោះទិន្នន័យផ្សេងទៀតបង្ហាញថា មានអ្នកជក់បារីច្រើនក្នុង​ចំណោមអ្នកជំងឺធ្ងន់ធ្ងរបំផុត។ អ្នកជំនាញរូបនេះបាននិយាយបន្ថែមថា បរិមាណអ្នកជក់បារីនៅក្នុងមណ្ឌលថែទាំ «អាចនឹងកើនឡើងទ្វេ​ដង បើប្រៀបធៀបទៅនឹងចំនួនអ្នកជក់បារីក្នុងចំណោមអ្នកជំងឺនៅដំណាក់កាល នៃការមើលថែទាំជាមុន»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)