ការដំឡើងថវិកាចំនួន ១៣ភាគរយនៅក្នុងការចំណាយរបស់ទីក្រុងសេអ៊ូល ​សម្រាប់កងទ័ពសហរដ្ឋអាមេរិក គឺជាចំនួនអតិបរមា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បាន​និយាយថា ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជូននូវការផ្តល់ជូនជាអតិបរមារបស់ខ្លួននៅក្នុងកិច្ចពិភាក្សា ស្តីពីការចំណាយបដិភាពក្នុងវិស័យ​ការពារជាតិ ជាមួយសហរដ្ឋអាមេរិក នឹងបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋ អាមេរិក​ លោក ដូណាល់ ត្រាំ បានបដិសេធ។

នៅពេលមុននេះ លោក ត្រាំ បានបញ្ជាក់ថា លោកបានបដិសេធសំណើរបស់ទីក្រុងសេអ៊ូលអំពី «ចំនួនទឹកប្រាក់ជាក់លាក់»។

សេចក្តីរាយការណ៍ព័ត៌មានមួយបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានស្នើដំឡើងថវិកាដល់ ១៣ភាគរយនូវចំណែកនៃការ​ចំណាយកាលពីក្នុងឆ្នាំ ២០១៩ ដែលមានចំនួន ៨៧០លានដុល្លារអាមេរិក សម្រាប់វត្តមានរបស់កងទ័ពអាម៉េរិកចំនួន ២៨.៥០០នាក់នៅ​ក្នុងប្រទេសកូរ៉េខាងត្បូង។

ក្នុងអំឡុងពេលនៃសម័យប្រជុំគណៈកម្មាធិការដោះស្រាយថវិកាពិសេស នៃរដ្ឋសភាតំណាងរាស្ត្រ លោក  Ki Dong-min មកពីគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចបានសួរទៅលោកស្រី Kang ថា តើវាជាការពិតដែរឬទេដែលថា លោក ត្រាំ បានមើលងាយ​ទៅលើផែនការរបស់ទីក្រុងសេអ៊ូលដើម្បីបង្កើនការចូលរួមចំណែកហិរញ្ញវត្ថុចំនួន ១៣ភាគរយរបស់ខ្លួន។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា «ជាការពិត ខ្ញុំគិតថាចំនួននេះ គឺជាកម្រិតខ្ពស់បំផុតសម្រាប់យើង»។

លោកស្រីបាននិយាយបន្ថែមទៀតថា រដ្ឋាភិបាលកំពុងខិតខំដើម្បីឈានទៅដល់កិច្ចព្រមព្រៀងំ «សមហេតុសមផល» ដែលអាច​ត្រូវបានអនុម័តដោយសភា៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)