រដ្ឋមន្ត្រីបង្រួបបង្រួមជាតិបដិសេធការរាយការណ៍អំពីជំងឺរបស់មេដឹកនាំកូរ៉េខាងជើង នឹងបានចាត់ទុកថា ជាការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Kim Yeon-chul បានច្រានចោល​ការ​រាយការណ៍ដែលមិនមានការបញ្ជាក់ច្បាស់លាស់អំពីជំងឺរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាជា «ព័ត៌មានក្លែងក្លាយ និង​មិនចេះរីងស្ងួត» ដោយលោកអាចនិយាយដោយមានទំនុកចិត្តថា មិនមានសញ្ញាមិនធម្មតាណាមួយនៅក្នុងរដ្ឋកុម្មុយនិស្តមួយនេះ​ទេ។

ការប៉ាន់ស្មានអំពីសុខភាពរបស់លោក គីម បានកើនឡើងបន្ទាប់ពីលោកបានធ្វើទស្សនកិច្ចប្រចាំឆ្នាំទៅកាន់ទីបញ្ចុះសពជីតា​របស់លោក គឺលោក គីម អ៊ីលស៊ុង នៅក្នុងថ្ងៃខួបកំណើតរបស់ស្ថាបនិកជាតិរូបនេះ ដែលជាថ្ងៃឈប់សម្រាកជាតិដ៏សំខាន់បំផុតរបស់​កូរ៉េខាងជើង។

ចាប់តាំងពីពេលនោះមក ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានប៉ាន់ស្មានថា លោក គីម ប្រហែលជាមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីទីក្រុងសេអ៊ូលបានជំទាស់នឹងការរាយការណ៍នេះ ដោយនិយាយម្តងហើយម្តងទៀតថា មិនមានសញ្ញាមិនធម្មតាណាមួយត្រូវបានរក​ឃើញនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ហើយលោក គីម ត្រូវបានគេជឿជាក់ថា កំពុងស្នាក់នៅក្នុងទីក្រុង Wonsan ដែលជាទីក្រុងឆ្នេ​រសមុទ្រភាគខាងកើតរបស់​ប្រទេសនេះ។

លោករដ្ឋមន្ត្រី Kim បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាតិថា «​វាអាចត្រូវបានមើលឃើញថា ជាបាតុភូតនៃការរីករាលដាលព័ត៌មាន» ដោយលោកបានលើកឡើងអំពីការលេចចេញនូវពាក្យចចាមអារ៉ាមដែលមិនមានមូលដ្ឋាននា​ពេលថ្មីៗនេះ អំពីបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង។ យើងមានសមត្ថភាពស៊ើបការណ៍សម្ងាត់ដែលអនុញ្ញាតឱ្យយើងនិយាយ​ដោយជឿជាក់ថា មិនមានសញ្ញាមិនធម្មតាណាមួយទេ»។

ទូរទស្សន៍ CNN បានរាយការណ៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកកំពុងស្វះស្វែងរកការស៊ើបការណ៍សម្ងាត់ថា លោក គីម ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់ពីការវះកាត់។ រឿងនោះបានកើតឡើងបន្ទាប់ពីរបាយការណ៍របស់ Daily NK ដែលជាអង្គភាពព័ត៌មាន​មានមូលដ្ឋាននៅកូរ៉េខាងត្បូងដែលមានអ្នកឯកទេសខាងបញ្ហាកូរ៉េខាងជើងបានឱ្យដឹងថា លោក គីម កំពុងទទួលការព្យាបាលនៅខាង​ក្រៅទីក្រុងព្យុងយ៉ាងបន្ទាប់ពីមានការវះកាត់សរសៃឈាម។

លោករដ្ឋមន្ត្រីរូបនេះបានហៅការរាយការណ៍ទាំងនោះថាជា «ព័ត៌មានក្លែងក្លាយ» ដោយផ្អែកទៅលើព័ត៌មានដែលមិនមានការ​បញ្ជាក់ច្បាស់លាស់។

លោកបាននិយាយថា «ខ្ញុំដឹងថា ការររាយការណ៍របស់ទូរទស្សន៍ CNN ផ្អែកទៅលើការរាយកាណ៍របស់សារព័ត៌មាន Daily NK ដែលបាននិយាយថា (លោក គីម) បានទទួលការវះកាត់នៅឯមជ្ឈមណ្ឌល វេជ្ជសាស្ត្រ Hyangsan ។ នោះវាមិនសមហេតុផលទេ។ …មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hyangsan គឺដូចជាគ្លីនិកដែលជាកន្លែងដែលមិនអាចធ្វើការវះកាត់ ឬធ្វើនីតិវិធីវេជ្ជសាស្ត្របានទេ»៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)