រដ្ឋមន្ត្រីក្រសួងព័ត៌មានកំពុងសិក្សាបន្ថែមពីកម្មវិធីចំរៀងកុមារឬតុក្តាក្នុនៅងម៉ោងសិក្សាទទក២

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ២៩ ០៤ ២០២០

រដ្ឋមន្ត្រីក្រសួងព័ត៌មានកំពុងសិក្សាបន្ថែមពីកម្មវិធីចំរៀងកុមារឬតុក្តានៅក្នុងម៉ោងសិក្សានៅក្នុងទូរទស្សន៍ជាតិកម្ពុជា (ទទក២)ដើម្បីទាក់ទាញកុមារឲ្យមករៀននិងកុំឲ្យកុមារមានការអផ្សុក ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសូងព័ត៌មាន បានមានប្រសាសន៍ថា មកដល់ពេលនេះមានរយៈពេលជាង១០ថ្ងៃហើយ ក្នុងដាក់ឲ្យដំណើរការនូវកម្មវិធីផ្សាយការបង្រៀនអនឡាញនៅលើប្រព័ន្ធអ៊ីនធឺណិត និងតាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណប តេជោឌីធីវី ទទក២ ជាដើម  ក្នុងគោលដៅលើកកម្ពស់សមភាពការសិក្សា ស្របពេលដែលការអប់រំនៅប្រទេសកម្ពុជា និងសាកលលោកកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។ 

ឯកឧត្តមបានឲ្យដឹងទៀតថា តាមរយៈការការចាក់ផ្សាយសាកល្បងកម្មវិធីបង្រៀនពីចម្ងាយ នេះឃើញថាបានល្អប្រសើរ ដោយការបង្រៀនគឺមានរយៈពេល៦០នាទីពេញ ហេតុនេះហើយអាចធ្វើឲ្យសិស្សានុសិស្សមានការអផ្សុក ។ ឯកឧត្តមកំពុងសិក្សាគ្រោងនឹងឲ្យមានការសម្រាក១៥នាទី ហើយក្នុងរយៈពេល១៥នាទីនេះ ក្រសួងគ្រោងនឹងបន្ថែមកម្មវិធីកម្សាន្ត តុក្តារឺចំរៀងកុមារ ក្នុងម៉ោងសិក្សា ដើម្បីធ្វើយ៉ាងណាទាក់ទាញកុមារឲ្យមករៀននិងបំបាត់ការអផ្សុក ។ 

« យើងបានសម្រេចចាក់ផ្សាយពីថ្ងៃទី២០ យើងនិងពិភាក្សាបូកសរុបឡើងវិញ តើមានចំណុចអីដែលយើងគួរបន្ថែម គួរបន្ថយ គួរយ៉ាងណា ពីព្រោះសំខាន់គឺថា កម្មវិធីកាលណារៀនតាមទូរទស្សន៍មិនមែនរៀនដូចគ្រូទេ ជួនកាលក្មេងអផ្សុក ទី២កម្មវិធីមួយម៉ោងៗគឺគេមិនដែលរៀនគ្រប់មួយម៉ោងទេ ម៉ោងគេជួនកាលគេនៅសល់១៥នាទី តើក្នុង១៥នាទីយើងដាក់អី ពីនាទីកុមារយើងគួរដាល់តុក្តារឺដាក់កុនចំរៀងកុមាររឺអីយើងកំពុងបូកសរុបគ្នាថា បន្ថែមអីទៀតកុំឲ្យចន្លោះម៉ោង »។

ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា ទូរទស្សន៍គ្រប់ខេត្តទាំងអស់គឺបានចាក់ផ្សាយនៅទូ    ទស្សន៍ជាតិកម្ពុជា ទទក២នេះ ហើយនៅពេលណាដែលក្រសួងរៀបចំប្រព័ន្ធទូរទស្សន៍ Digitalហើយ គឺអាចបើមើលតាមទូរទស្សន៍ធម្មតាបានគ្រប់កន្លែង ហើយកម្មវិធីសិក្សានេះនឹងចាប់ផ្ដើមពីម៉ោង៦ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ គឺ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ក្រសួងព័ត៌មានបានសាកល្បងចាក់ផ្សព្វផ្សាយកម្មវិធីបង្រៀនពីចម្ងាយលើកញ្ចក់ ទូរទស្សន៏ប៉ុស្តិ៍ថ្មី ទទក២ តាមប្រពន្ធ័ Satellite តេជោDTV  Appក្រសួងព័ត៌មាន រួមទាំងទូរទស្សន៏ ខ្សែកាបតាមបណ្តាខេត្ត នានា ទូទាំងប្រទេស ដែលអាចអោយ សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ ដល់ទី១២ ងាយស្រួលបើកមើលរៀនទាំងអស់គ្នាបានផងដែរ ៕