ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា ខណៈដែលការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែឧសភានេះតទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចចក្រ កម្ពុជា បានមានប្រសាសន៍ថា នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ សម្តេចតេជោ បានសរសេរតាមរយៈហ្វេសប៊ុកផ្លូវ ការរបស់សម្តេច ថា ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ សម្តេច មិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ សម្តេចតេជោ សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គស្នងការនគរបាលជាតិ ស្ដីពីការរិតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស និងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ស្ដីពីការពិន័យអន្តការណ៍ចំពោះអំពើល្មើសច្បាប់ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០នេះតទៅ៕