មន្ត្រីជំនាញរបស់ក្រសួងកសិកម្មជំរុញឱ្យកសិករបង្កើនការផលិតស្រូវក្នុងគ្រាមានបញ្ហាជំងឺ កូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៩.មេសា.២០២០៖

មន្ត្រីជំនាញរបស់ក្រសួងកសិកម្មជំរុញឱ្យកសិករបង្កើនការផលិតស្រូវក្នុងគ្រាមានបញ្ហាជំងឺកូវីដ-១៩ដើម្បីបំពេញតម្រូវការក្នុងស្រុក។
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ក្នុងស្ថានភាពប្រទេសជាតិ កំពុងប្រឈមនឹងវិបត្តិជំងឺកូវី-ដ១៩នេះរាជរដ្ឋាភិបាលបានជំរុញឲ្យពលរដ្ឋដាំដុះនិងបង្កើនការផលិតស្រូវ ដើម្បីផ្គត់ផ្គង់តម្រូវទីផ្សារក្នុងស្រុក ខណៈដែលផលិតផលកសិកម្មខាងក្រៅប្រទេសមិនអាចនាំចូលបំពេញតម្រូវការបាន។លោកបញ្ជាក់ថា ក្រសួងកសិកម្មក៏បានជំរុញនូវការដាំដុះស្រូវជាពិសេសស្រូវស្រាលមិនប្រកាន់រដូវ ក្នុងដើមរដូវវស្សានេះ ដើម្បីធានាបាននូវសន្តិសុខស្បៀង ។
«ក្រសួងកសិកម្មបានចេញសេចក្តីណែនាំ ទៅដល់ស្ថាប័នពាក់ព័ន្ធក៏ដូចជា មន្ទីរកសិកម្ម ជំរុញនិងការដាំដុះស្រូវ ។អ្វីដែលរាជរដ្ឋាភិបាលព្រួយបារម្ភគឺការជួបជុំគ្នាច្រើន កម្មវិធីជួបជុំគ្នាធំៗ ដែលមានមនុស្សច្រើនមានការព្រួយបារម្ភ ការខ្លាចជំងឺឆ្លងមួយនេះ។ប៉ុន្តែសម្រាប់ការងាររបស់កសិករដែលគាត់ដាំដុះជឿថាប្រជាកសិករយើងបានយល់ថា មិនមានបញ្ហាសម្រាប់ពួកគាត់នោះទេ ។ចឹងមកដល់ពេលនេះល្បឿនបង្កបង្កើនផលគឺបានលឿន មានន័យថាកសិករយើងបានចេញទៅដាំដុះតាមស្រែចម្ការ ហើយរាជរដ្ឋាភិបាលមិនហាមឃាត់ដល់បងប្អូនប្រជាកសិករ ទេ ។អ្វីដែលរាជរដ្ឋាភិបាលហាមឃាត់ក្នុងការជួបជុំ ជាពិសេសទីប្រជុំជនជាដើម ។ផ្ទុយទៅវិញសម្រាប់បងប្អូនប្រជាកសិករជំរុញឲ្យគាត់ទៅ ដាំដុះនេះគឺជាឱកាសស្របពេលកូវីដ១៩នេះគឺតម្រូវការស្បៀងកាន់តែខ្លាំងជាឱកាសល្អសម្រាប់បងប្អូនប្រជាកសិករនោះទេ»។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំត្រីមាសទី១ឆ្នាំ២០២០ បានឱ្យដឹងការងារប្រមូលផលស្រូវរដូវប្រាំងសម្រេចបាននៅលើផ្ទៃដីចំនួន៥៩២១២៨ហិកតាដោយទទួលបានបរិមាណផលសរុបចំនួន២៦១៦២៥៣តោន៕