ក្រសួងធម្មការ នាំយកថវិកា និងគ្រឿង ឧបភោគ​បរិភោគផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារ​នៃកងយោធពលខេមរភូមិន្ទ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំ​យកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារ​នៃកង​យោធ​ពលខេមរភូមិន្ទ នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវ នឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុង​សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា។

ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាត​ត្បាតដោយជំងឺកូវីដ-១៩ យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាម​ការ​ណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្ដមបានបញ្ជាក់ថា ការនាំយកអំណោយទាំង​អស់​នេះ បានមកពីការចូលរូមចំណែក​របស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងធម្មការនិងសាសនា ដើម្បី​ចូល​រួមឆ្លើយតបនូវគុណតម្លៃ​ចំពោះវីរៈ​យុទ្ធជន នៃកយោធពលខេមរភូមិន្ទ ពិសេសអគ្គ​បញ្ជាការ​​ដ្ឋានបញ្ជូនសារ ដែលបានប្តេជ្ញាការពារបានយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដី នៃព្រះ​រាជា​ណាចក្រកម្ពុជា នាពេលកន្លងមក រហូតទទួលបានសុខសន្ដិភាពពេញបរិបូរណ៍ និង​ក្រោម​ការដឹក​នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា បើទោះបីអំណោយទាំងនេះ នៅមានកម្រិតតិចតួច​យ៉ាង​ណាក៏ដោយ តែនេះជាទឹកចិត្តនៃការគោរព ស្រឡាញ់ ការបំពេញបន្ថែមគ្នាទៅវិញ​ទៅ​មក​រវាងសមរភូមិមុខ និងសមរភូមិក្រោយ។

សូមបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា ជំនួយ​ការ និងមន្រ្តីរាជការក្រោមក្រសួង បានផ្សារភ្ជាប់ជាមួយកម្លាំង​ប្រដាប់អាវុធដោយបាន​នាំយក​ថវិកា​សរុប៦លានរៀល និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ២៣ប៉ាវ មី២០កេសធំ ប្រគល់ ជូនដល់អគ្គបញ្ជាការដ្ឋានកងទ័ពបញ្ជូនសារ នៃកងយោធពលខេមរភូមិន្ទ៕

ដោយ ឡុង ស៊ីវ៉ាន់