ក្រសួងសង្គមកិច្ចបានផ្តល់សេវាសាធាណៈចំនួន២២សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា ៖ សេង សុផាន់ណា ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០៖

ក្រសួងសង្គមកិច្ច ដាក់អោយដំណើរការនូវសេវាសាធាណៈចំនួន២២សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឫ ងាយរងគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងជាយថាហេតុ ហើយបានផ្តល់សេវាសាធាណៈចំនួន ២២ ដើម្បីអោយពួកគាត់បានប្រើប្រាស់នូវសេវាទាំងនេះ។
ឯកឧត្តមបញ្ជាក់ថាចំពោះសេវាទាំង២២នោះ មន្ត្រីជំនាញក្រសួងសង្គមកិច្ចដោយបានសហការជាមួយក្រសួងមុខងារសាធារណៈក្នុងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងនឹងមកទទួលសេវាទាំងអស់នោះកាន់តែច្រើន។
«ជាមួយគ្នានោះ ក្រសួងបានចងក្រងជាសៀវភៅ ឯកសាររួមមួយផ្ញើរទៅក្រសួងមុខងារសាធារណៈបន្តធ្វើការផ្សព្វផ្សាយ ដើម្បីអោយប្រជាពលរដ្ឋអាចទទួលបានការផ្តល់សេវាសាធារណៈទាំងនេះ»។
សូមបញ្ជាក់ថា សេវាសាធារណៈទាំង២២នោះរួមមាន៖ ទី១កម្មវិធីជំនួយសង្រ្គោះបន្ទាន់ជនរងគ្រោះ ជនដាច់ស្បៀងទីទាល់ក្រ គ្រោះធម្មជាតិ គ្រោះមហន្តរាយ និងគ្រោះថ្នាក់ផ្សេងជាយថាហេតុនៅក្នុងសហគមន៍ ទី២ ការផ្តល់សេវាថែទាំ និងគាំទ្រដល់ ជនផ្ទុកមេរោគអេដស៍ជំងឺអេដស៍ផលប៉ះពាល់ដោយមេរោគអេដស៍នឹងជំងឺកាចសាហាវផ្សេងៗ ទី ៣កម្មវីធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំក្នុងស្ថានភាពក្រីក្រ ទី៤ ការដោះស្រាយបញ្ហាទប់ស្កាត់និងការការពារជនអនាថា ទី៥ ទទួលថែទាំនិងព្យាបាលជនវិបលក ស្មារតី ទី៦ សេវាស្តារនីតិសម្បទាជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ទី៧ មាតុភូមិនិវត្តន៍ស្តារនីតិសម្បទានិងសមាហរណកម្ម ជនរងគ្រោះដោយអំពីជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចនិងការ ទម្រង់ផ្សេងៗនៃការរំលោភបំពាន ទី៨ សេវាថែទាំជំនួសចំពោះកុមារ ទី៩ ការផ្ដល់អាជ្ញាប័ណ្ណដល់ទីភ្នាក់ងារស្មុំកូនអន្តរប្រទេស ទី១០ ការទុកដាក់កុមារជាមួយគ្រួសារចិន្ត្រៃយ៍នៅក្នុងប្រទេសទទួល ទី១១ ការផ្ដល់សេវាស្តារនីតិសម្បទា ជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន ទី១២ ការផ្ដល់សេវាដែលនិតិសម្បទា អនីតិជនទំនាស់នឹងច្បាប់ ទី១៣ របបគោលនយោបាយឧបត្ថម្ភចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ទី១៤ សេវាបណ្តុះបណ្តាលវិជ្ជាជីវៈជូនជនពិការ ទី១៥ សេវាចុះបញ្ជីការលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ទី ១៦អន្តរាគមន៍សេវាយុត្តិធម៌សម្រាប់ជនពិការ ទី១៧ ការផ្ដល់សេវាលទ្ធភាពពលកម្មកាយសម្បទា ទី១៨ សេវាស្តារលទ្ធភាពពលកម្មនិងរបបគោលនយោបាយផ្នែក ពិនិត្យព្យាបាល និងថែទាំសុខភាពជនពិការក្រីក្រនៅតាមសហគមន៍ ទី ១៩ ការផ្តល់របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលនិវត្តន៍ជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អ្នកនៅក្នុងបន្ទុក ទី២០ការផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ទី២១ ការផ្តល់សេវាជួយដល់ អតីតយុទ្ធជននៅតាមសហគមន៍នៅ និងទី ២២ ការអប់រំនិងបណ្តុះបណ្តាល កម្រិតឧត្តមសិក្សា៕