រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បីទទួលបានដំណឹងពិតបាន យើងត្រូវដឹងប្រភពជាមុនសិន

វិទ្យុជាតិកម្ពុជា៖ លោកស្រីប៉ុង សុភាវី ២៨ មេសា ២០២០ ៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បីទទួលបានដំណឹងពិតបាន យើងត្រូវដឹងប្រភពជាមុនសិន ហើយព័ត៌មានពិតនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេច។
ថ្លែងក្នុងបទសម្ភាសន៍ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បីអាចទទួលបានព័ត៌មានពិត ច្បាស់លាស់អាចជឿទុកចិត្តបាន លុះត្រាតែយើងដឹងពីប្រភពជាមុនសិនថាព័ត៌មាននឹងមកពីណា។
ឯកឧត្តមបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ អាចទទួលបានព័ត៌មានពិត ដែលចេញពីបណ្ដាអ្នកសារព័ត៌មានទាំងឡាយដែលមានវិជ្ជាជីវៈ។ បន្ថែមពីនេះទៀតរាល់ព័ត៌មានទំាងឡាយ មិនត្រូវជឿភ្លាមនោះទេ ត្រូវរកប្រភពជាមុនសិន។
« និយាយរួមក្នុងច្បាប់ដែលយើងរៀនធ្វើកាសែតដំបូងបំផុតគឺប្រភព។ នៅពេលណាដែលយើងឃើញដំណឹងមួយភ្លាមយើងត្រូវរកប្រភពសិន ថាប្រភពមកពីណា? បើសិនគ្មានប្រភពទេ ឬប្រភពច្បាស់លាស់ទេ យើងត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពមួយទៀត។ ហ្នឹងដែលយើងហៅថាអក្ខរកម្មសារព័ត៌មាន គឺរបៀបមើលអ្នកកាសែតយ៉ាងម៉េច? មើលព័ត៌មានធ្វើយ៉ាងម៉េច? មិនមែនទទួលមួយភ្លាមជឿទេ។ ឧទាហរណ៍សូម្បីតែទាល់តែទទក គាត់ផ្សាយព័ត៌មានមួយភ្លាម គេត្រូវមើលថាគាត់បានដំណឹងមកពីណា? គេត្រូវរៀនមើលប្រភពហ្នឹងជាលក្ខណៈមួយដែលធ្វើឲ្យយើងកំចាត់បានដំណឹងក្លែងបន្លំ ដំណឹងថាចចាមរាម ដែលជាព័ត៌មានមិនពិត ពីព្រោះសំខាន់គ្រាន់កន្លែងនឹង ការស្វែងរកប្រភពដំបូងបំផុតការផ្ទៀងផ្ទាត់ប្រភព គឺជាការសំខាន់ដើម្បីយើងអាចធានាថាដំណឹងវាច្បាស់លាស់»។
សូមបញ្ជាក់ថា កន្លងមកនេះក្រសួងព័ត៌មាន បានចេញវិធានការនានាជាច្រើន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិត ដើម្បីកុំអោយបង្កផលប៉ៈពាល់ដល់សង្គម។ ក្នុងវិធានការនេះ ក្រសួងក៏បានឈានទៅលុបអាជ្ញាបណ្ណនិងអ្នកសារព័ត៌មានមួយចំនួន ដែលផ្សាយបំផ្លើសពីការពិតគ្មានមូលដ្ឋានច្បាស់លាស់។
បន្ថែមពីនេះទៀតក្រសួងព័ត៌មាន កំពុងពន្លឿនការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលមាន១០ជំពូក ៣៦មាត្រា ដោយមានគោលបំណងធានាអោយ សាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាព ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នសាធារណៈ ស្រប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕