ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ ចូលរួមផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ រួមគ្នាបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ ចូលរួមផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ រួមគ្នាបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩ ពិសេសបងប្អូនកម្មករនិយោជិត និងពលករកម្ពុជាដែលវិលត្រឡប់មកពីស្រុកកំណើត ។
យោងតាមសារាចរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ សន្តិភាពនិងការងារសមរម្យ បានណែនាំដល់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ ចូលរួមផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត និងពលករកម្ពុជាដែលវិលត្រឡប់មកពីស្រុកកំណើត ចូលរួមអនុវត្តបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមគ្នាបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩ ទាំងអស់គ្នា ជាពិសេសត្រូវបន្តធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសនៃការរំលឹកនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២០។ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈនិយោជក ម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈ របស់កម្មករនិយោជិត ព្រមទាំងកម្មករនិយោជិតទាំងអស់ត្រូវរៀបចំរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា តាមរូបភាពការឈប់សម្រាប់តាមផ្ទះ ជាមួយក្រុមគ្រួសារ ឬតាមកន្លែងដែលបងប្អូនស្នាក់នៅ។សម្តេចតេជោ ក៏បានណែនាំដល់ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន បណ្ដាសារព័ត៌មានសង្គមនានា ឲ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២០ ។ ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ រដ្ឋបាលរាជធានី និងខេត្តទាំងអស់ និងសហគ្រាស គ្រឹះស្ថាន ឯកជន ត្រូវជ្រើសរើសទីតាំងសមស្របដូចជា ដងវិថីសំខាន់ៗ និងទីតាំងសហគ្រាស គ្រឹះស្ថាន ការដ្ឋាន និងកសិដ្ឋាន ត្រូវធ្វើការចងបដាជាពាក្យស្លោកតាមខ្លឹម – ជ័យយោ! ព្រះរាជាណាចក្រកម្ពុជា – អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា – សន្តិភាព និងការងារសមរម្យ – សន្តិភាព ស្ថេរភាព ដើម្បីការងារ និងមុខរបរ ជាដើម ៕