រដ្ឋាភិបាលចិន អរគុណកម្ពុជាដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុស

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៨ ០៤ ២០២០ ៖

 រដ្ឋាភិបាលចិន អរគុណកម្ពុជាដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុស ក្នុងពេលដែលយើងត្រូវរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ។
តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០នេះ ស្ដីពីកិច្ចសន្ទនាតាមទូរស័ព្ទ រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា ឯកឧត្តម វ៉ាង យី បានលើកឡើងអំពីស្មារតីជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា ដោយរំលឹកពីព្រះរាជកិច្ចគាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ក៏ដូចជាការគាំទ្រដ៏ពេញទំហឹងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងនៅពេលប្រទេស ចិនជួបការលំបាកខ្លាំងបំផុត។ ឯកឧត្តម វ៉ាង យី បានអរគុណកម្ពុជាដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុសក្នុងពេលដែលយើងត្រូវរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ។ ឯកឧត្តម បានចាត់ទុកការដែលកម្ពុជាគាំទ្រកិច្ចប្រឹប្រែងរបស់អង្គការសុខភាពពិភពលោក (WHO) គឺជាជំហរមួយដ៏ត្រឹមត្រូវ។
ឯកឧត្តម វ៉ាង យី បានលើកឡើងថា អាទិភាពរបស់យើង គឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។ ឯកឧត្តម បានបញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសរសើរនិងអរគុណចិនដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលពិភពលោកតាមការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។ ឯកឧត្តម ក៏បានអរគុណចិនដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យ ទាំងខាងស៊ីវិល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឱ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្តល់បទពិសោធន៍ដល់កងកំលាំងមួកខៀវកម្ពុជានៅលីបង់ និងនៅម៉ាលី។
ឯកឧត្តម ប្រាក់ សុខុន ក៏បានគាំទ្រការប្រកាន់អភិក្រមបែបវិទ្យាសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងCOVID-19 គាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការ WHO និងគាំទ្រគំនិតថ្លឹងថ្លែងរវាងការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹងការអភិវឌ្ឍ។
សូមបញ្ជាក់ថា ឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីឲ្យកាន់កំរិតកាន់តែខ្ពស់ថែមទៀត។