ក្រុមហ៊ុនមីជាតិបង្កើនការផលិតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុក

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ០៤ ២០២០៖

ម្ចាស់ក្រុមហ៊ុនមីជាតិប្តេជ្ញាបង្កើនការផលិតប្រកបដោយគុណភាព និងស្តង់ដារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុក។
លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុនផលិតមីជាតិ One More Manufacturing Co,LTD បានមានប្រសាសន៍ថា មីជាតិគឺជាងស្បៀងអាហារបំរុងទុកយ៉ាងសំខាន់របស់ប្រជាពលរដ្ឋ ពិសេសនៅ ក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ នៅតែបន្តកើនឡើងនៅទូទាំងសកលលោក ។
លោកបន្តថា ក្រុមហ៊ុនបានចូលរូមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយខិតខំផលិតមី ក្នុងមួយថ្ងៃប្រមាណ ២០ ម៉ឺនកញ្ចប់ជាង សម្រាប់បំរុងទុកជាស្បៀងអាហារសម្រាប់តំរូវការក្នុងប្រទេសកម្ពុជា នៅពេលប្រទេសកម្ពុជានិងសកលលោកកំពុងជួបប្រទះជំងឺកូវីដ១៩ ។
លោកបានបន្តថា ក្រុមហ៊ុនបានត្រៀមវត្ថុធាតុដើមក្នុងស្រុក និងនាំចូលពីបរទេស មានប្រទេស សឹង្ហបុរី ម៉ាឡេស៊ី ក៏ដូចជាថៃ ដើម្បីធ្វើយ៉ាងណាឆ្លើយតបនិងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាផងដែរ ។
« ខ្ញុំបាទជួសមុខឲ្យក្រុមហ៊ុនមីជាតិទាំងមូល ពិតជាសូមថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលគាត់បានផ្តល់សេចក្តីទុកចិត្ត ជឿរទុកចិត្ត មកដល់ក្រុមហ៊ុនមីជាតិ ដែលជ្រើសរើសក្រុមហ៊ុនមីជាតិ ជាដៃគូមួយក្នុងការត្រៀមស្បៀងបំរុងសម្រាប់បំម្រើដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ។ នេះជាកត្តាធំណាស់សម្រាប់មីជាតិ ក៏សបញ្ជាក់អំពី ការជឿរជាក់ទៅលើមីជាតិ សបញ្ជាក់ផ្តល់ឱកាសទៅដល់មីជាតិ មានឱកាសជួយដល់សង្គម ហើយក៏ស្របតាមទស្សនៈវិស័យរបស់ក្រុមហ៊ុនដែរ ដែរក្រុមមិនមែនគិតតែប្រាក់កម្រៃទេ គឺក្រុមហ៊ុនតែងតែចង់ជួយទៅលើសង្គម ទី២ទៀតក្រៅពីសកម្មភាពនៅទីនេះ ចូលរួមការងារសង្គមតាមរយៈក្រុមការងារ បានយកអំណោយទៅចែកជូន យកបរិក្ខា ដែលជាតំរូវការរបស់ ការបង្ការជំងឺកូវីដ១៩នេះទៅចែកជូន ចាស់ជរា និងមជ្ឃមណ្ឌលកុមារកំព្រា ។ កន្លងមកនេះយើងមានការរៀបចំស្បៀង បរិក្ខាមួយចំនួនចែកជូនទៅដល់អុំៗចាស់ៗ ជនគ្មានទីជម្រកដើម្បីឲ្យគាត់ទទួលទាន ។ ជាការពិតយើងមិនអាចជួយទាំងស្រុងបានទេ យើងអាចជាចំណែកណាមួយដែលយើងអាចធ្វើទៅបាន នេះជាចំណុចដែលក្រុមហ៊ុនមីជាតិ មានចំណែកតូចមួយជួយដល់សង្គមយើង » ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីនិងអង្ករជាដើមទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាផងដែរ ៕