អភិបាលស្រុកបន្ទាយស្រី ផ្តល់ជូនឧបករណ៍សម្ភារៈប្រើប្រាស់ចាំបាច់ដល់មណ្ឌលសុខភាពទាំង៦

វិទ្យុជាតិកម្ពុជា ៖ ទៀក លឹមជូ៖

អភិបាលស្រុកបន្ទាយស្រីផ្តល់ជូនឧបករណ៍សម្ភារៈប្រើប្រាស់ចាំបាច់ ដល់មណ្ឌលសុខភាពទាំង៦ក្នុងស្រុក សម្រាប់ទ្រទ្រង់ប្រតិបត្តិការទប់ស្កាត់ បង្ការ និងគ្រប់គ្រងមេរោគកូវីដ១៩ នៅតាមសហគមន៍ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៍ថា សម្ភារៈសរុបរួមមានអាល់កុល ៤០០លីត្រ, ម៉ាស់មុខ ៣២៥០ម៉ាស់, ស្រោមដៃពេទ្យ ១០០០០ស្រោមដៃ, សាប៊ូលាងដៃ ៦០០ដុំ និងឧបករណ៍វាស់កម្តៅចំនួន៦គ្រឿង ត្រូវបានផ្តល់ជូនដល់ប្រធានមណ្ឌលទាំង៦ បើទោះបីជាស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ហាក់ដូចធូរស្រាលបន្តិចហើយក៏ដោយ ក៏ការប្រុងប្រយ័ត្ននៅតែបន្តទ្វេដង ហើយការបម្រើសេវានៅគ្រប់មណ្ឌលសុខភាពទាំងអស់ ត្រូវតែធ្វើឡើងប្រកបដោយស្តង់ដាវិជ្ជាជីវៈខ្ពស់ និងមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ ។លោកបានបន្តថា រដ្ឋបាលស្រុកនឹងបន្តផ្តល់ជូនសំភារៈប្រើប្រាស់ដែលទទួលបានពីសប្បុរសជននានា ទៅតាមមណ្ឌលសុខភាព និងប្រជាពលរដ្ឋដែលខ្វះខាត និងមួយផ្នែកទៀត បម្រុងទុកសម្រាប់ប្រើប្រាស់ ប្រសិនបើមានការរីករាលដាលនៃមេរោគនេះជាយថាហេតុក្នុងពេលអនាគត ។
ជារួមទៅ គឺការផ្ដល់របស់យើងនេះ ធ្វើដើម្បីអោយតាមមណ្ឌលមានសំភារៈប្រើប្រាស់អោយបានគ្រប់គ្រាន់ ពីព្រោះជាធម្មតាមានតាមមណ្ឌលមានការប្រើប្រាស់ជាប្រចាំរួចហើយ បើទោះជាអត់មានផលប៉ះពាល់ពីកូវីត១៩ក៏ដោយ ប៉ុន្តែនៅក្នុងកាលៈទេសៈនេះ រដ្ឋបាលស្រុកចង់អោយតាមមណ្ឌលទាំងអស់មានសំភារៈខ្លះ ទុកបង្ការតាមមណ្ឌលរបស់ខ្លួន ដើម្បីបន្តបង្កើននូវការធានាអានាម័យ បានន័យថា ទាំងប្រជាពលរដ្ឋទាំងពេទ្យ គឺប្រើជាប្រចាំនៅម៉ាស អាល់កុល ជែល ស្រោមដៃគឺអ្វីដែលរដ្ឋបាលស្រុកបានផ្ដល់ជូននេះ គឺជាសម្ភារៈដែលកន្លងមករដ្ឋបាលស្រុក បានកៀរគរផងដែរអញ្ចឹងមានការចែកជូនបន្ត ។