ជនស៊ីវិល ៣នាក់​បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — កាលពីព្រឹកថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មាន SANA ដែលគ្រប់គ្រងដោយរដ្ឋស៊ីរីបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានប្រឈមមុខនឹងការវាយប្រហារ «នៃការឈ្លានពានរបស់អ៊ីស្រាអែលពីដែនអាកាសលីបង់» នឹងបាន​ស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់។

ទីភ្នាក់ងារសារព័ត៌មាន SANA បានរាយការណ៍ថា ជនស៊ីវិលចំនួន ៣នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់​អ៊ីស្រាអែលទៅលើប្រទេសស៊ីរី ដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា អគារលំនៅឋាននៅក្នុងការតាំងទីលំនៅរបស់ក្រុម Hujeira និងក្រុម Adliyah ត្រូវបានវាយ​ប្រហារ។

នៅព្រឹកថ្ងៃដដែលនោះ ការរាយការណ៍ដែលមិនបានបញ្ជាក់បានលើកឡើងថា ការវាយប្រហារនេះបានធ្វើឡើងទៅលើទឹកដី​នៅក្បែរតំបន់ Sayyida Zainab ដែលជាកម្មសិទ្ធិរបស់កងជីវពលលីបង់ Hezbollah និងកងកម្លាំងឃឺដអ៊ីរ៉ង់។

កម្លាំងការពារជាតិអ៊ីស្រាអែល (IDF) មិនទាន់បានធ្វើអត្ថាធិប្បាយអំពីឧប្បត្តិហេតុនេះនៅឡើយទេ។

ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងជាញឹកញាប់នៅក្នុងតំបន់នេះ ដែលត្រូវបានរាយការណ៍ថ្មីបំផុតដោយ SANA នៅថ្ងៃទី ២០ ខែមេសា នៅពេលដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ «ត្រូវបានវាយលុកដោយការវាយប្រហាររបស់កងទ័ព អាកាសអ៊ីស្រាអែលនៅលើមេឃពីលើកោះ Palmyra ដោយទម្លាក់នូវគ្រាប់បែកជាច្រើនគ្រាប់»។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Jerussalem Post របស់អ៊ីស្រាអ៊ែលបានឱ្យដឹងថា  ការវាយឆ្មក់តាមអាកាស​បានផ្តោតទៅលើមូលដ្ឋានយោធា Tiyas របស់កងទ័ពអាកាសអារ៉ាប់ស៊ីរីដែលត្រូវបានគេស្គាល់ថា T-4 Airbase ។ ប៉ុន្តែទោះបីជាយ៉ាងណាកងកម្លាំងការពារប្រទេសមិនបានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារនោះទេ។

ទីក្រុង Damascus បានចោទប្រកាន់អ៊ីស្រាអែលជាច្រើនលើកច្រើនសារអំពីការវាយឆ្មក់តាមអាកាសខុសច្បាប់ទៅលើ​សាធារណរដ្ឋអារ៉ាប់មួយនេះ ដោយទទូចឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទីលើទីក្រុង Tel Aviv អំពីបញ្ហានេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោយមកបានត្រឹមតែទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសទាំងនេះប៉ុណ្ណោះ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)