នាយករដ្ឋមន្ត្រីអង់គ្លេសបដិសេធមិនបន្ធូរបន្ថយការបិទទ្វារប្រទេស ដើម្បីចៀសផុតពីរលកទីពីរនៃការរាតត្បាតជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — កាលពីព្រឹកថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានបង្ហាញមុខជា សាធារណៈជាលើកដំបូង បន្ទាប់ពីលោកបានចាកចេញពីមន្ទីរពេទ្យដែលលោកបានចំណាយពេលមួយសប្តាហ៍ ដោយរាប់បញ្ចូលទាំង ចំនួនបីយប់នៅក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា លោកបានឆ្លងជំងឺកូវីដ-១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ លើកដំបូងរបស់លោកបន្ទាប់ពីបានជាសះស្បើយពីជំងឺ  កូវីដ-១៩ នាយករដ្ឋមន្រ្តី អង់គ្លេស លោក Boris Johnson បានថ្លែងអំណរគុណដល់ប្រជាជនអង់គ្លេសចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការទប់ទល់នឹងវីរុសនេះ ហើយលោកបានអំពាវនាវឱ្យមានការអត់ធ្មត់ និងការប្តេជ្ញាចិត្តឱ្យខ្លាំងជាងមុនទៀត ដើម្បីជាប្រយោជន៍ក្នុងការកម្ចាត់ជំងឺរាតត្បាតមួយ​នេះ។

លោក Johnson បានចាត់ទុកជំងឺរាតត្បាតកូវីដ-១៩ នេះជាបញ្ហាប្រឈមធំបំផុតដែលប្រទេសនេះបានប្រឈមមុខចាប់តាំង​ពីសង្គ្រាមលោកលើកទី ២ មក ដោយលោកបានសង្កត់ធ្ងន់ថា លោកមិនមើលស្រាលបញ្ហាដែលកំពុងបន្តកើតមានឡើងនេះទេ។

លោក Johnson បាននិយាយថា «វាជាការពិតដែលយើងកំពុងធ្វើឱ្យមានការរីកចម្រើនជាមួយនឹងចំនួនអ្នកដែលឆ្លងជំងឺកូវីដ-១៩ ហើយចូលព្យាបាលនៅមន្ទីរពេទ្យមានចំនួនតិចជាងមុន។ ខ្ញុំបានឃើញសញ្ញាជាក់ស្តែងដែលបច្ចុប្បន្ននេះយើងកំពុងឆ្លងកាត់ការ​លំបាកដ៏ខ្លាំងមួយ សូមអរគុណដល់ … អារម្មណ៍ល្អរបស់អ្នក ការគិតពិចារណារបស់អ្នក និងស្មារតីសហគមន៍របស់អ្នក។ សូមអរគុណ ចំពោះដំណោះស្រាយជាតិរួមរបស់យើង ដែលយើងកំពុងស្ថិតនៅលើគែមនៃការសម្រេចបាននូវបេសកកម្មច្បាស់លាស់ដំបូងបង្អស់ ដើម្បីបង្ការសេវាសុខាភិបាលជាតិរបស់យើងពីការជ្រុលហួសហេតុ … នោះហើយរបៀប និងជាមូលហេតុដែលយើងកំពុងធ្វើវា»។

នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានព្រមានថា នេះ គឺជាពេលវេលានៃហានិភ័យ ដោយសារតែមនុស្សជាច្រើនមើលឃើញអំពី «ជោគជ័យជាក់ស្តែង» ហើយចាប់ផ្តើមឆ្ងល់ថា តើពេលនេះជាពេលវេលាដែលងាយស្រួលសម្រាប់វិធានការគម្លាតសង្គមឬយ៉ាងណា?

លោក Johnson បាននិយាយថា លោកយល់ពីការលំបាកក្នុងការលះបង់សូម្បីតែសេរីភាពជា បណ្តោះអាសន្ន ការមិនបានជួប​មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ និងការព្រួយបារម្ភអំពីការងារ។

លោក Johnson បាននិយាយបន្ថែមថា លោកបដិសេធមិនបន្ធូរបន្ថយនូវវិធានការគម្លាតសង្គមនោះទេ ដែលវាហាក់ដូចជា​ការលះបង់នូវរាល់ការខិតខំប្រឹងប្រែង និងការលះបង់របស់ប្រជាជនអង់គ្លេស ហើយយើងនឹងប្រឈមមុខនឹងការផ្ទុះឡើងជាលើកទី ២ ។

លោក Johnson បានព្រមានដោយសន្យាថា រដ្ឋាភិបាលនឹងធ្វើសកម្មភាពប្រកបដោយតម្លាភាព ដោយមិនអាចធ្វើការប៉ាន់ស្មាន​ណាមួយបានទេចំពោះការចាប់ផ្តើមផ្ទុះឡើងវិញនូវដំណាក់កាលទី ២ នោះ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)