ក្រសួងធនធានទឹក អំពាវនាដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

វិទ្យុជាតិកម្ពុជា៖ស្រីផល 28,04,2020៖

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុ ព្រោះចាប់ពីថ្ងៃទី២៩ខែមេសាដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅតំបន់មួយចំនួន លាយឡំនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។
តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថាជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្រប់ដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាស នៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៥ដល់២៧អង្សាសេ។ សីតុណ្ហភាពអតិបរមាមានពី៣៤ដល់៣៧អង្សាសេ ដែលផ្នែកខ្លះនៅភាគពាយ័ព្យ និងភាគខាងត្បូង និងអាចមានភ្លៀងខ្សោយទៅមធ្យម។
ប្រភពដដែលបានបន្តថា បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន្ត មានសីតុណ្ហភាពអប្បបរមាពី២៤ដល់២៦អង្សាសេ, និងសីតុណ្ហភាពអតិបរមាមានពី៣៣ដល់៣៦អង្សាសេ នៅបណ្តាខេត្តខ្លះ អាចមានភ្លៀងធ្លាក់ខ្សោយ។ ចំពោះបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាមានពី២៥ដល់ ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមាន៣២ដល់៣៤អង្សាសេ ដែលនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។
ដូច្នេះ សូមសាធារណជន ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ជាពិសេសនៅបណ្តាខេត្តជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី ២៩ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា។