ក្រសួងសាធារណការ ជំរុញការស្តារប្រព័ន្ធរំដោះទឹកកខ្វក់នៅក្រុងព្រះសីហនុឲ្យលឿនបំផុត

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៤ ២០២០៖

 ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការស្តារប្រព័ន្ធរំដោះទឹកកខ្វក់នៅខេត្តព្រះសីហនុឲ្យបានលឿនបំផុត ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀងដែលតែងតែជន់លិចនៅរដូវវស្សាក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាកន្លងមកនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំរួចហើយ ហើយស្ថានីយបូមទឹកកខ្វក់ចំនួនបីស្ថានីយ ក៏បានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានាត្រូវបានពន្លឿនការសាងសង់ និងស្ដារឲ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរថែមទៀតចូលទៅទស្សនានៅខេត្តជាប់សមុទ្រមួយនេះ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងនានា របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីថ្ងៃទី២៧ ខែមេសា នៅទីស្ដីការក្រសួង ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងស្តារឡើងវិញនូវអូរសំខាន់ៗ៥មាន៖ អូរអណ្ដូងអ៊ុនតាក់ អូរស្ពានឆេះ អូរសំអាត អូរអេម៉ារីអូ និងអូរឈើទាល មានប្រវែងសរុបជិត៣ម៉ឺនម៉ែត្រ នៅក្រុងព្រះសីហនុ ឲ្យចប់រួចរាល់នៅរដូវវស្សាខាងមុខនេះ ដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះនៅក្នុងក្រុង ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឲ្យមានបរិស្ថានស្អាត និងអនាម័យល្អ។ ការអភិវឌ្ឍឡើងវិញនូវប្រព័ន្ធរំដោះទឹកកខ្វក់ទាំងនេះ គ្រោងថវិកាជាង១០ពាន់លានរៀល ឬប្រមាណ២លាន៥សែនដុល្លារអាមេរិក។
យោងតាមសេចក្តីព្រាងផែនការមេដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន បរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ៕