អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាបន្លែទទួលបានតម្លែល្អលើទីផ្សារ ដែលធ្វើអោយកសិករប្រឹងប្រែងដាំដុះបន្ថែម

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៧.០៤.២០២០ ៖

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាបន្លែទទួលបានតម្លែល្អលើទីផ្សារ ដែលធ្វើអោយកសិករប្រឹងប្រែងដាំដុះបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្ត ពិសេសជួយធ្វើឲ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង ខណៈកើតមានបញ្ហាជំងឺកូវីដ-១៩ ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យវិទ្យុជាតិកម្ពុជាដឹងថា ប្រជាកសិករបានកំពុងធ្វើការប្រមូលផលដំណាំ មានដូចជាម្ទេស ត្រប់វែង ម្រះ ននោងជ្រុង ត្រសក់ទ្រើង ត្រឡាច សណ្ដែកកួរ ល្ពៅ ក្តិបឪឡឹក ជាដើម ដែលក្នុង១ថ្ងៃ អាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបានប្រមាណពី៦តោន ទៅ១០តោន ។
លោកបានបន្តថា បច្ចុប្បន្ន ប្រជាកសិករបានងាយមកដាំបន្លែសរីរាង្គនិងបន្លែសុវត្ថិភាពវិញ ជំនួសឲ្យការដាំបន្លែដោយប្រើប្រាស់ជីគីមី ស្របពេលដែលកំពុងតែមានតំរូវការទីផ្សារ ។ លោក បញ្ជាក់ថា មន្ទីរតែងតែចាត់ឲ្យមន្ត្រីជំនាញចុះផ្ដល់បច្ចេកទេស បង្ហាត់បង្រៀន ណែនាំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជីធម្មជាតិដើម្បីឲ្យកសិផលរបស់គាត់មានការជឿទុកចិត្តពីអ្នកទិញ។លោកបានបន្តទៀតថា ប្រជាកសិករដែលមានប្រភពទឹកគ្រប់គ្រាន់ គឺគាត់បាននាំគ្នាបង្កើនការដាំដុះបន្ថែមកាន់តែច្រើន ខណៈដែលមានឈ្មួញមកចាំទទួលទិញដល់ទីកន្លែង ក្នុងតំលៃល្អសមរម្យ ទោះបីបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩នៅតែបន្តមានវត្តមាននៅកម្ពុជាក៏ដោយ។
ការលំបាកនៅត្រង់ថាខែ 4 ខែ 5 នេះ វាហាក់ដូចជាខ្វះទឹកភ្លៀង ព្រោះខែ 3 ខែ៤នឹងរៀងខ្វះទឹក ដូច្នេះប្រជាកសិករយើងគឺគាត់ពិបាកដាំដែរ ប៉ុន្តែកាលពីមុននឹងគឺយើងតម្រូវការខ្ពស់នៅខែហ្នឹង ប៉ុន្តែមកដល់ពេលនេះ ដោយសារមានជំងឺកូវីដនឹង អញ្ចឹងទៅប្រជាពលរដ្ឋមួយចំនួនគាត់មិនទៅផ្សារផង គឺបន្លែមានការធ្លាក់ថ្លៃបន្តិច ប៉ុន្តែមកដល់ពេលឥឡូវនេះ គឺតម្លៃមានការឡើងថ្លៃមកវិញហើយ ដូចជាម្ទេសអីពីមុនតែ២០០០រៀល ៣០០០រៀលអីទេ តែឥឡូវឡើង៥០០០វិញហើយវាកើនឡើង តាមដែលការដែលខ្ញុំពិនិត្យមើលនោះ គឺសាកសួរកសិករផ្ទាល់ បន្លៃបានឡើងថ្លៃឡើងវិញ អញ្ចឹងពីមុនចុះថោកបន្តិច វាប្រហែលក្នុងមួយសប្តាហ៍អីទេ ដែលក្រោយមកនេះ បន្លែទទួលបានតម្លៃល្អសមរម្យ ដែលធ្វើឲ្យប្រជាកសិករបង្កើនការដាំដុះបន្ថែម ។
លោកប្រធាន បានអំពាវនាវដល់ប្រជាកសិករឲ្យចងក្រងជាក្រុមឬសហគមន៍ ដើម្បីផលិតបន្លែសុវត្ថិភាព ព្រោះការចងក្រងនេះ ងាយស្រួលក្នុងការរកទីផ្សារ និងនាំពួកគាត់ឲ្យចុះកុងត្រាផលិត ជាមួយអ្នកទិញដោយផ្ទាល់ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៏ណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានតម្លៃផលិតផលកសិកម្មនៅលើទីផ្សារ និងត្រូវមានវិធានការឆ្លើយតបជាបន្ទាន់ក្នុងករណីមានការប៉ះពាល់ដល់តម្លៃទីផ្សារកសិផល ៕